អភិបាលស្រុកឆែប ខេត្តព្រះវិហារ ណែនាំអាជ្ញាធរជាប់ព្រំដែនឡាវ ចុះពិនិត្យ និងឱ្យប្រជាពលរដ្ឋរុះរើរបងស័ង្កសីបិទជិតមុខផ្ទះ ដើម្បីបញ្ចៀសការសង្ស័យជាទីតាំងប្រព្រឹត្តបទល្មើស
04-08-2026 14:57
(ព្រះវិហារ)៖ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅសាលាឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយមានការចូលរួមពីមេបញ្ជាការកងកម្លាំងទាំង៣របស់ស្រុក មេឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោក មន្ត្រីសាខាគយប្រចាំការនៅកំពង់ស្រឡៅ ក្រុមប្រឹក្សាឃុំ និងមេភូមិគ្រប់ភូមិ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាលឃុំជាប់ព្រំដែន ស្របតាមការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ព្រមទាំងពង្រឹងការសម្របសម្រួលរវាងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។
នៅក្នុងឱកាសនោះ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប បានថ្លែងណែនាំឱ្យគ្រប់អង្គភាពពាក់ព័ន្ធ បន្តពង្រឹងការទប់ស្កាត់ និងសហការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដោយត្រូវបង្កើនការល្បាត ការត្រួតពិនិត្យ ការផ្លាស់ប្ដូរព័ត៌មាន និងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់រាល់សកម្មភាពល្មើសច្បាប់ដែលអាចប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅតាមខ្សែបន្ទាត់ព្រំដែន។
ជាមួយគ្នានេះ លោក ឃិត សុធារ៉ា ក៏បានណែនាំដល់អាជ្ញាធរឃុំ ត្រូវចុះពិនិត្យតាមផ្ទះរបស់ប្រជាពលរដ្ឋដែលបានធ្វើរបងស័ង្កសីបិទជិត ដោយជំរុញឱ្យរុះរើផ្នែកខាងមុខចេញ ដើម្បីឱ្យមានភាពបើកចំហ ងាយស្រួលក្នុងការត្រួតពិនិត្យ និងបញ្ចៀសការសង្ស័យថាជាទីតាំងប្រព្រឹត្តបទល្មើសខុសច្បាប់។
លោកអភិបាលស្រុកឆែប បានថ្លែងអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋ បន្តរួមសហការគ្នាអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជាបទបញ្ជា និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមតំបន់ព្រំដែនរបស់យើង៕





