មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តស្វាយរៀង
04-08-2026 14:55
(ស្វាយរៀង)៖ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃការផ្ដល់សេវា រដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសម្ដែងការស្វាគមន៍ចំពោះវត្តមានរបស់លោក សួស ប្រាថ្នា និងថ្នាក់ដឹកនាំតំណាងឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញ មកបំពេញទស្សនកិច្ចការងារ នៅរដ្ឋបាលខេត្តស្វាយរៀងនៅពេលនេះ ដែលបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែបានផ្ដល់នូវទស្សនទានល្អៗ និងកែសម្រួលចំណុចខ្វះខាត ដើម្បីឈានទៅសម្រេចគោលដៅប្រកបដោយប្រសិទ្ធភាពការងារ។
ជាមួយគ្នានេះ លោក សួស ប្រាថ្នា បានលើកឡើងថា កិច្ចប្រជុំនេះរៀបចំឡើងតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របតាមកង្វល់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងភាពងាយស្រួលរបស់ប្រជាពលរដ្ឋក្នុងការទទួលសេវារដ្ឋបាល។
លោកបានបញ្ជាក់ថា «ការជួបប្រជុំនៅថ្ងៃនេះ គឺដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងកែលម្អប្រព័ន្ធការងារឲ្យកាន់តែរលូន មិនមែនជាការចុះមកដកស្រង់កំហុស ឬដាក់សម្ពាធលើអង្គភាពណាមួយនោះឡើយ»។ ក្រុមការងារចង់ស្វែងយល់ពីបញ្ហាប្រឈមជាក់ស្ដែង ដើម្បីជួយសម្រួល និងកំណត់ស្ថាប័នទទួលខុសត្រូវឲ្យបានច្បាស់លាស់ សំដៅធានាថា រាល់ឯកសាររបស់ប្រជាពលរដ្ឋទទួលបានការមើលថែ និងដោះស្រាយបានទាន់ពេលវេលា ជាពិសេសការកែសម្រួលនីតិវិធីការងារឲ្យកាន់តែសាមញ្ញ និងបម្រើសេវាបានល្អជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ៕
















