វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ បង្កើនភាពធន់នៃសេដ្ឋកិច្ចកម្ពុជា
04-08-2026 14:42
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, សាជីវកម្មធានាឥណទានកម្ពុជា, មូលនិធិ អភិវឌ្ឍន៍សហគ្រិនភាព, សហគ្រិនខ្មែរ, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មូលនិធិ អភិវឌ្ឍន៍ជំនាញ, ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា, និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានរៀបចំ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ក្រោមប្រធានបទ «សមាហរណកម្មការគាំទ្រផ្នែកហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានភាពធន់នៃ សេដ្ឋកិច្ច» នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។
វេទិកានេះ មានការចូលរួមពីតំណាង ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, សមាគម, គ្រឹះស្ថានហិរញ្ញវត្ថុ និងសហគ្រាសធុនមីក្រូ តូច និង មធ្យម សរុបប្រមាណ ៦០០ នាក់។ វេទិកាជាតិនេះ ជាការផ្តួចផ្តើមលើកដំបូង ដោយមានគោលបំណងសំខាន់ៗ រួមមាន (១). ជាឱកាសបង្កើនការយល់ដឹង អំពីយន្តការគាំទ្រហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល ដើម្បីធានាថាធុរកិច្ចទាំង អស់ទទួលបានព័ត៌មានច្បាស់លាស់អំពីជម្រើសគាំទ្រ, លក្ខខណ្ឌតម្រូវ និងនីតិវិធីស្នើសុំប្រកបដោយ ប្រសិទ្ធភាព, (២). ប្រមូលមតិយោបល់ និងអនុសាសន៍ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តកែលម្អយន្តការ ការងារ ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងចំគោលដៅ និង (៣). ពង្រឹង ភាពជាដៃគូ និង សហថាមពលរវាងភាគីពាក់ព័ន្ធ ដើម្បីកំណត់យន្តការជាក់ស្តែង ក្នុងការបង្កើតប្រព័ន្ធ អេកូឡូស៊ីហិរញ្ញប្បទាន ប្រកបដោយបរិយាបន្ន និងចីរភាព។
វិស័យឯកជន, ជាពិសេស សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs), ជាកម្លាំង ចលករដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្កើតការងារ និង មុខរបរ, បង្កើនប្រាក់ចំណូល, កាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចរីភាព, បរិយាបន្ន និង ភាពធន់។
ក្នុងគោលបំណងបង្កើន និងលើកកម្ពស់ការចូលរួម របស់វិស័យឯកជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយជវភាព, ប៉ិនប្រសប់, និងថាមពល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍវិស័យឯកជន តាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ច ដែលមានលក្ខណៈ គ្រប់ជ្រុងជ្រោយ ផ្តោតជាពិសេសលើការ ពង្រឹងផ្នែកហិរញ្ញប្បទានសម្រាប់ធុរកិច្ច តាមរយៈការផ្តល់ឥណទាន, ការធានាឥណទាន, ការផ្តល់ជំនួយថវិកា និងការអភិវឌ្ឍជំនាញជាដើម ដើម្បីគាំទ្រធុរកិច្ចគ្រប់ដំណាក់កាលនៃវដ្តជីវិតអាជីវកម្ម។
ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយខាងលើនេះ, រាជរដ្ឋាភិបាល បានបង្កើត និង ពង្រឹងសមត្ថភាពស្ថាប័នសាធារណៈជាច្រើន ដែលមានតួនាទីបំពេញឱ្យគ្នា ក្នុងន័យអភិវឌ្ឍប្រព័ន្ធ អេកូឡូស៊ីធុរកិច្ច ដើម្បីផ្តល់ជម្រើសហិរញ្ញប្បទាន និងសេវាគាំទ្រ ស្របតាមតម្រូវការរបស់ធុរកិច្ច នីមួយៗ។ យន្តការគាំទ្រចម្រុះ ប៉ុន្តែមានភាពប្រទាក់ក្រឡា និងឆ្លើយឆ្លងគ្នាទាំងនេះ សម្រេចបាននូវ សមិទ្ធផលផ្លែផ្កាជាច្រើន ដែលបានរួមចំណែកដល់ការអភិវឌ្ឍធុរកិច្ច ជាពិសេស សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅកម្ពុជា ជាក់ស្តែង៖
១៖ ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម បានផ្តល់ឥណទានសរុបប្រមាណ ៥៣១ លាន ដុល្លារ ជូនដល់ MSMEs, ក្រុមហ៊ុន, សហគមន៍កសិកម្ម និង តួអង្គក្នុងខ្សែច្រវាក់តម្លៃ កសិកម្ម និង កសិ-ឧស្សាហកម្ម ដែលមានបទពិសោធ និង កំពុងដំណើរការអាជីវកម្ម ស្រាប់។ ក្នុងនោះ, ឥណទានគាំទ្រវិស័យស្រូវ-អង្ករ មានទំហំធំជាងគេ គឺប្រមាណ ៣៥% នៃទំហំឥណទានសរុប ។
២៖ ធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា បានបញ្ចេញនូវហិរញ្ញប្បទានសរុបចំនួន ប្រមាណ ៦៤៧ លានដុល្លារ ដល់ ៣,៩៨២ សហគ្រាស (ក្នុងនោះ ក៏បានបញ្ចេញ ហិរញ្ញប្បទានដោយផ្ទាល់ទំហំប្រមាណ ២៤២ លានដុល្លារ ដល់ ៨៨០ សហគ្រាស) ។
៣៖ សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ការធានាឥណទានជូនគណនីសរុបចំនួន ៩,៨៩១ គណនី ដែលមានទំហំឥណទានសរុប ៥៨៨.៣៩ លានដុល្លារ។ ក្នុងនោះ, គណនីប្រមាណ ៩២% ជា MSMEs។
៤៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ឆ្នាំ២០២៤ បានប្រើប្រាស់កញ្ចប់ថវិការបស់ខ្លួនប្រមាណ ជា ៧ លានដុល្លារអាមេរិក ជាកញ្ចប់ជំនួយ និង ផ្អែកលើតួនាទីភារកិច្ចថ្មីរបស់ខ្លួន បាន ចាប់ផ្តើមរៀបចំកម្មវិធីវិនិយោគជាភាគហ៊ុនជូនធុរកិច្ចថ្មី និង សហគ្រាសធុនតូច និង មធ្យម (SMEs) ដែលមានសក្តានុពល ដើម្បីពង្រីកអាជីវកម្ម ក្នុងឆ្នាំ ២០២៦ ចំនួន ២០០.០០០ ដុល្លារអាមេរិក។
៥៖ សហគ្រិនខ្មែរ បានប្រើប្រាស់កញ្ចប់ថវិការបស់ខ្លួនប្រមាណជា ១៧ លានដុល្លារ និង បាន កៀគរថវិកាបដិភាគ ពីស្ថាប័នដៃគូប្រមាណជា ៣៣ លានដុល្លារ ដើម្បីអនុវត្តគម្រោង គាំទ្រសរុបជិត ៦០០ គម្រោង សំដៅផ្តល់ថវិកាឥតសំណង និង ប្រាក់រង្វាន់លើកទឹកចិត្ត ដល់ម្ចាស់អាជីវកម្ម និង សហគ្រិន។
៦៖ មូលនិធិអភិវឌ្ឍន៍ជំនាញ បានផ្តល់នូវថវិកាបដិភាគ ជូនសហគ្រាស, សមាគម និង គ្រឹះស្ថានបណ្តុះបណ្តាល មានចំនួនសរុប ២៥,៩២ លានដុល្លារ (ស្មើនឹង ៥៥% នៃថ្លៃ បណ្តុះបណ្តាលសរុប)។ ក្នុងនោះ, មានសហគ្រាសសរុបចំនួន ៦០៥ ដែលបានទទួល ថវិកាបដិភាគពីមូលនិធិអភិវឌ្ឍន៍ជំនាញ ។
៧៖ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ក្រៅពីជំនួយផ្នែកបច្ចេកទេស បានផ្តល់ជំនួយថវិកា ដល់សហគ្រាសចំនួន ៦២ សម្រាប់ការចាប់យកឌីជីថល ក្នុងទំហំថវិកាចំនួនប្រមាណជា ១៣,០០០ ដុល្លារ និង ផ្តល់ជំនួយថវិកាដល់ធុរកិច្ចថ្មី (Startup) ចំនួន ១១៧ តាមរយៈ កម្មវិធីពន្លឿនអាជីវកម្ម (Accelerator) និង កម្មវិធីហេកាថន់ (Hackathon) ក្នុងទំហំ ថវិកាសរុប ចំនួន ៣៥៦,០០០ ដុល្លារ ។
ជាលទ្ធផល វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ ២០២៦ បានប្រព្រឹត្ត ទៅដោយរលូន និងទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។ អ្នកចូលរួម ជាពិសេស វិស័យ ឯកជនបានយល់ដឹងកាន់តែច្បាស់ពីតួនាទី និងភារកិច្ច ក៏ដូចជាលក្ខខណ្ឌក្នុងការទទួលបានការគាំទ្រ ដែលនឹងជួយបង្កើនលទ្ធភាពទទួលបានការគាំទ្រ ទាំងផ្នែកឥណទាន និងលើសពីឥណទាន តាមរយៈយន្តការរដ្ឋ ដូចបានគូសរំលេចខាងលើ។
ការរៀបចំវេទិកាថ្នាក់ជាតិនាពេលនេះពិតជាមាន សារៈសំខាន់ និង ចាំបាច់បំផុត ក្នុងការពង្រឹងយន្តការសមាហរណកម្ម ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល ក្នុងការបង្កើតសហថាមពល និង ការបន្សំ គោលនយោបាយអន្តរស្ថាប័ន ព្រមទាំង, បញ្ញាបការយល់ដឹងអំពីយន្តការគាំទ្ររបស់រាជរដ្ឋាភិបាល ឱ្យកាន់តែច្បាស់ និង ធានាថា ធុរកិច្ចនៅកម្ពុជាអាចទទួលបាននូវការគាំទ្រពីរដ្ឋាភិបាលកាន់តែងាយ ស្រួល, ចំគោលដៅ និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ទៅតាមសេចក្តីត្រូវការរបស់ធុរកិច្ចនីមួយៗ។
ដូចគ្នាដែរ តាមរយៈការពិភាក្សា និងផ្លាស់ប្តូរយោបល់ ស្ថាប័នចំណុះឱ្យប្រព័ន្ធ អេកូឡូស៊ីគាំទ្រធុរកិច្ចទទួលបាននូវសំណើ និងមតិយោបល់ល្អៗជាច្រើន ដែលនឹងក្លាយជាធាតុចូល ដ៏មានប្រសិទ្ធភាព ដើម្បីកែលម្អយន្តការ និងអភិក្រមការងារ ឱ្យកាន់តែមានភាពប្រទាក់ក្រឡា និង ឆ្លើយឆ្លងគ្នា ព្រមទាំងសម្រាប់ការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រថ្មីៗ បន្ថែមទៀត សំដៅ ជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធុរកិច្ច ដែលឈានដល់ការសម្រេចបាននូវភាពធន់នៃសេដ្ឋកិច្ច កម្ពុជានាពេលអនាគត។
ជាមួយនឹងលទ្ធផលល្អប្រសើរនេះ គណៈកម្មការរៀបចំវេទិកាបានគូសបញ្ជាក់ថា នឹងបន្ត រៀបចំវេទិកានេះរៀងរាល់ឆ្នាំ ដើម្បីរក្សាផ្ទាលនៃការពិភាក្សាចំហរនេះ សម្រាប់ផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធបានជួបប្រាស្រ័យ ចែករំលែកនូវវឌ្ឍនភាព និងជាពិសេស ស្វែងរកដំណោះស្រាយរួម សម្រាប់បញ្ហាប្រឈមនានា៕








