FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គការសង្គមស៊ីវិលក្នុងរាជធានីភ្នំពេញ ប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជំរុញបរិវត្តកម្មឌីជីថល​ឱ្យកាន់តែទូលំទូលាយក្នុងសហគមន៍

04-08-2026 14:38

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជា វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការ​​គណៈរដ្ឋមន្រ្តី បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំវេទិកាសន្ទនា ក្រោមប្រធានបទស្ដីពី​ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យ​ឌីជីថល» ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ៃ សំបូរ​ អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋាន​​ វ.ស.ស. តំណាងលោក កឹមរ័ត្ន វិសិដ្ឋ នាយករង​​ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សា​​ភិបាល វ.ស.ស. និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ថ្លែងក្នុងអង្គវេទិកាសន្ទនាដែល​មានការអញ្ជើញចូលរួម​ពីតំណាង​អង្គការសង្គមស៊ីវិលក្នុងរាជធានីភ្នំពេញ និងអាជ្ញាធរ​មូលដ្ឋានជាច្រើននាក់ លោក ប៉ៃ សំបូរ​ បានជម្រាបជូនអង្គវេទិកាអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល​ចំពោះ​អង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គមជាតិ និងការលើកកម្ពស់សុខុមាល​ភាព​​របស់​ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។

លោកបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល​បន្តអនុវត្តបេសកកម្មរបស់​ខ្លួន​ដោយស្មោះត្រង់ និងគោរពតាមច្បាប់ជាធរមាន ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ដោយផ្តោតលើអាទិភាព «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ក្រោមការដឹកនាំ​ប្រកប​ដោយ​​គតិបណ្ឌិត និងភាពប៉ិនប្រសប់​​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងឱកាសនោះ លោក សុខ ពេញវុធ បានគូសបញ្ជាក់អំពីសារៈសំខាន់និងភាពចាំបាច់នៃការរៀបចំវេទិកាសន្ទនានាពេលនេះ ដែលមិនត្រឹមតែអាច​ជួយសម្រាលបញ្ហាលំបាក​ដែល​នៅសេសសល់ក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ឱកាសដល់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេស​អាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិល​ ទទួលបាននូវអនុសាសន៍ល្អៗ បន្ថែមពីស្ថាប័ន មន្ទីរ អង្គភាព និងផ្នែកពាក់ព័ន្ធលើការងារអភិវឌ្ឍន៍មូលដ្ឋាន​និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ​រវាងអាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិល ព្រមទាំងលើកកម្ពស់សុខដុមនីយកម្មសង្គមស៊ីវិល។

លោកបានបន្ថែមថា បន្ថែមលើវេទិកាសន្ទនាដែលរៀបចំដោយ វ.ស.ស. រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំនិងចូលរួមវេទិកាពិគ្រោះយោបល់​ជាមួយសមាគម អង្គការមិនមែ​នរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងរាជធានីភ្នំពេញ ចំនួន ៨លើក គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ ហើយវេទិកាជួបជុំនេះគឺជាការចូលរួមលើកកម្ពស់ប្រសិទ្ធភាព​ការងារ និងបង្កើនកិច្ចសហការជិតស្និទ្ធ​រវាងអាជ្ញាធរមូលដ្ឋានជាមួយអង្គការសង្គមស៊ីវិលក្នុងមូលដ្ឋាន ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាស នៃការចូលរួម​ក្នុងអង្គវេទិកានាព្រឹកនេះ តំណាងអង្គការសង្គមស៊ីវិល​បាន​លើកឡើងនូវបញ្ហា​ប្រឈម​​និង​សំណូមពរ​មកជជែកពិភាក្សាដោយត្រង់ទៅត្រង់មកយ៉ាងផុសផុល។ បញ្ហាប្រឈមនិង​​សំណូមពរ​​មួយចំនួន ត្រូវបាន​ដោះស្រាយជាក់ស្តែងក្នុងកិច្ច​ពិភាក្សាដោយផ្ទាល់។ ដោយឡែក ​បញ្ហាដែល​សេសសល់​​មួយ​​ចំនួន​ទៀត​ នឹងត្រូវ​យកទៅពិភាក្សា​ជាមួយអាជ្ញាធរនិង​សមត្ថកិច្ច​​ពាក់ព័ន្ធ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ។

ជាមួយគ្នានេះដែរបណ្ឌិត ឌុច ឌីនីល ព្រឹទ្ធបុរសរងនៃវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភា​​​​បច្ចេកវិទ្យា​ឌីជីថលកម្ពុជា បានចូលរួមធ្វើបទបង្ហាញជូនអង្គវេទិកា ស្តីពី «ការយល់ដឹងអំពីអក្ខរកម្ម​ឌីជីថល និងសុវត្ថិភាព​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាសម្រាប់អង្គការសង្គមស៊ីវិល» ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់បរិវត្តកម្ម​​ឌីជីថលនិងការយល់ដឹងអំពី​គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥៕