FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ជួបផ្តល់អនុសាសន៍ផ្តាំផ្ញើដល់និស្សិតជ័យលាភីអាហារូបករណ៍ ទៅសិក្សានៅសាកលវិទ្យាល័យនានា ក្នុងសាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

04-08-2026 11:45

(ភ្នំពេញ)៖ លោក ឈួន វិន រដ្ឋលេខាធិការតំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ ៣៤រូប ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ នានាក្នុងសាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំ សិក្សា២០២៦-២០២៧ មុនចេញដំណើរទៅសិក្សា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផងដែរ។

ជំនួបនេះធ្វើឡើងដើម្បីចែករំលែកបទពិសោធន៍ អនុសាសន៍ និងការអនុវត្តល្អៗសម្រាប់និស្សិតយកទៅផ្សព្វផ្សាយបន្តអំពីការអភិវឌ្ឍរបស់ជាតិ ក្រោមការដឹកនាំដ៏ឆ្លាតឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងឱ្យពិភពលោកបានដឹងបានយល់អំពីប្រទេសកម្ពុជាកាន់តែច្បាស់។

បន្ថែមពីលើនេះលោករដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរអំពីសមិទ្ធផលសំខាន់ៗ និងការងារជាច្រើនដែលក្រសួង ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។

លោករដ្ឋលេខាធិការ បានចូលរួមអបអរសាទរ កោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ និងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាជំរុញលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ផ្ដោតសំខាន់លើការខិតខំប្រឹងប្រែងរៀនសូត្រ ថែទាំសុខភាពឱ្យបានល្អ ដូចជា៖ ញាំ និងគេងឱ្យបានគ្រប់គ្រាន់ ហាត់កីឡាជាដើម និងស្វែងយល់ចំណេះដឹងបន្ថែមពីមជ្ឈដ្ឋានខាងក្រៅឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ក្លាយជាទំពាំងដ៏ល្អក្នុងការចូលរួមកសាងប្រទេសជាតិ នៅពេលវិលត្រឡប់មកមាតុប្រទេសវិញ។

សូមជម្រាបផងដែរថា ជំនាញដែលក្រុមនិស្សិតជ័យលាភីអាហារូបករណ៍នឹងត្រូវសិក្សារួមមាន៖ វិស្វកម្មសំណង់ វិទ្យាសាស្ដ្រកំព្យូទ័រ បញ្ញាសិប្បនិម្មិត វិទ្យាសាស្ដ្រអប់រំ ភាសាកូរ៉េ វិទ្យាសាស្ដ្រសុខាភិបាល គីមីវិទ្យា ហិរញ្ញវត្ថុអន្តរជាតិ ៕