នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកស្រី នាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃចំនួន ៤៦វត្ត ក្នុងក្រុងសៀមរាប
04-08-2026 09:13
(សៀមរាប)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសៀមរាប រួមជាមួយលោកស្រី ខៀវ បុប្ផាផល ឥតសារ៉ាត់ និងលោកស្រី លី ហៀក ជា រតនា ព្រមទាំងក្រុមការងារ បាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានជាច្រើន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៤៦វត្ត ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ពិធីដ៏ថ្លៃថ្លានេះ បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ នៅវត្តរាជបូណ៌ ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម (សិរីសុវណ្ណោ) ប្រធានថេរសភានៃព្រះពុទ្ធសាសនា និងជាព្រះចៅអធិការវត្តរាជបូណ៌។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកស្រី បានប្រគេនទៀនចំណាំងព្រះវស្សាចំនួន ៤៦គូ ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខដល់វត្តទាំង ៤៦។ ក្នុងមួយវត្តៗ ទទួលបានទៀនព្រះវស្សា ១គូ, អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខកំប៉ុង ២យួរ, ទឹកត្រី ទឹកស៊ីអ៊ីវ ៤ យួរ, ភេសជ្ជៈគ្រប់ប្រភេទ ២កេស, ទឹកបរិសុទ្ធ ២កេស, នំធុង ១ធុង, បច្ច័យកសាង ៥០ម៉ឺនរៀល។
ក្រៅពីនេះ ក៏មានប្រគេនបច្ច័យបួនដល់ព្រះសង្ឃ ៤៦អង្គ ក្នុងមួយអង្គៗ ២០ម៉ឺនរៀល, ប្រគេនបច្ច័យដល់ព្រះអនុគណខេត្ត ២អង្គ ក្នុងមួយអង្គៗ ១លានរៀល និងប្រគេនបច្ច័យ ៤លានរៀល ដល់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ផងដែរ។
បន្ថែមពីលើការប្រគេនដល់ព្រះសង្ឃ នាយឧត្តមសេនីយ៍ និងលោកស្រី ព្រមទាំងក្រុមការងារ ក៏បានឧបត្ថម្ភថវិកាដល់លោកតាអាចារ្យ ៣នាក់, តាជីយាយជី ១០០នាក់, កម្លាំងប្រជាការពារ, កម្លាំងនគរបាល, កងរាជអាវុធហត្ថ, ក្រុមការងាររៀបចំពិធី និងក្រុមភ្លេងពិណពាទ្យ ដើម្បីជាការលើកទឹកចិត្ត និងចូលរួមចំណែកក្នុងពិធីបុណ្យនេះ។
សកម្មភាពមនុស្សធម៌ និងសាសនានេះ ត្រូវបានឧទ្ទិសមនុញ្ញផលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជាទាំងអស់ ដែលបានបូជាជីវិតដើម្បីការពារជាតិមាតុភូមិ។ ការចូលរួមចំណែកនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះវិស័យព្រះពុទ្ធសាសនា និងការរក្សាបាននូវប្រពៃណីដ៏ល្អផូរផង់របស់ជាតិ៕



























