ក្រសួងបរិស្ថានគាំទ្រ និងពង្រីកកិច្ចសហការជាមួយអ្នកស្រឡាញ់បរិស្ថាន ក្នុងស្មារតីខ្មែរតែមួយដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ការពារធម្មជាតិ
04-08-2026 08:09
(ភ្នំពែញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបលោក ម៉ា ចិត្រា និងក្រុមការងារនៅទីស្តីការក្រសួងបរិស្ថាន ដើម្បីពង្រីកការគ្រប់គ្រងធនធានធម្មជាតិ តារយៈពង្រីកកិច្ចសហការរវាងមន្ត្រីក្រសួងបរិស្ថាន និងអ្នកស្រឡាញ់បរិស្ថាន ក្នុងស្មារតីខ្មែរតែមួយ ដែលជាការការចូលរួមដ៏សំខាន់ថែមទៀត ក្នុងការរួមគ្នាពិនិត្យ ទប់ស្កាត់និងបង្រ្កាបបទល្មើស នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានាបាននូវការការពារ និងអភិរក្សព្រៃឈើប្រកបដោយនិរន្តរភាពនៅកម្ពុជា។
ចំណុចសំខាន់ៗនៃកិច្ចសហការនេះ គឺជាយុទ្ធសាស្រ្ត ២.១ ដែលជាជំហានទី២ នៃការអនុវត្តសសរស្តម្ភទី២ «ភាពបៃតង» នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីធានាបាននូវនិរន្តរភាពបរិស្ថាន។
ក្រសួងបរិស្ថានជាថ្មីម្តងទៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការសង្គមស៊ីវិល ភាគីពាក់ព័ន្ធ ជាពិសេស អ្នកស្រឡាញ់បរិស្ថាន និងសហគមន៍មូលដ្ឋាន ដែលបានរួមសហការយ៉ាងសកម្ម ជាមួយមន្ត្រីឧទ្យានុរក្ស ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា កិច្ចសហការនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំ និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សព្រៃឈើ និងធនធានធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា៕
