FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិភាគអន្តរជាតិ៖​ ហេតុអ្វីចិនប្រើឆ្មាំសមុទ្រ ដើម្បីជំរុញការទាមទារដែនទឹក?

03-08-2026 21:36

(វ៉ាស៊ីនតោន)៖ ក្នុងរយៈពេល ១ទសវត្សរ៍មកនេះ ឆ្មាំសមុទ្រចិន (CCG) បានអភិវឌ្ឍខ្លួនចូលទៅក្នុងចំណោមឆ្មាំសមុទ្រធំបំផុតមួយនៅលើពិភពលោក ដោយកំពុងធ្វើប្រតិបត្តិការកងនាវាជាង ៦៨០គ្រឿង។ ឆ្មាំសមុទ្រចិនមានតួនាទីដូចគ្នាទៅនឹងឆ្មាំសមុទ្រនៃបណ្ដាប្រទេសដទៃដែរ។ ប៉ុន្តែការឆ្លើយតបនឹងស្ថានការណ៍បន្ទាន់នៅឯសមុទ្រ និងដឹកនាំបេសកកម្មអនុវត្តច្បាប់សមុទ្រ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន CCG ត្រូវបានចិនប្រើប្រាស់សម្រាប់គោលដៅចម្បងមួយទៀត នោះគឺជំរុញការទាមទារដែនទឹករបស់ប៉េកាំង។ សកម្មភាពរបស់ CCG បានកើនឡើងជាលំដាប់ ហើយគ្រាន់តែរយៈពេលមួយសប្ដាហ៍កាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅ ឆ្មាំសមុទ្រចិនបានប៉ះទង្គិចគ្នាដល់ទៅ ៣លើកជាមួយនាវាឆ្មាំសមុទ្រហ្វីលីពីន។

* អ្វីទៅជាតួនាទីរបស់ CCG?
CCG មានតួនាទីដូចគ្នាទៅនឹងឆ្មាំសមុទ្រនៃបណ្ដាប្រទេសផ្សេងទៀតដែរ ដូចជាការស្ទាក់ឃាត់នាវារត់ពន្ធទំនិញខុសច្បាប់ ស៊ើបអង្កេតលើការបំពុលសមុទ្រ ប្រយុទ្ធប្រឆាំងនឹងការនេសាខុសច្បាប់ ហើយដឹកនាំបេសកកម្មស្រាវជ្រាវ និងជួយសង្រ្គោះ។ ក៏ប៉ុន្តែ ក្នុងពេល១ទសវត្សរ៍មកនេះ ឆ្មាំសមុទ្រចិនត្រូវបានពង្រីកតួនាទីហួសពីការអនុវត្តច្បាប់ និងការពារសន្តិសុខសមុទ្រ។ ប៉េកាំងបានបង្កើនការពឹងផ្អែកកាន់តែខ្លាំងលើ CCG ជាជាងប្រើប្រាស់កងទ័ពជើងទឹកចិន ដើម្បីទាមទារដែនទឹករបស់ខ្លួនដែលកំពុងមានជម្លោះជាមួយប្រទេសមួយចំនួននៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ នៅក្នុងតំបន់មានជម្លោះដែនទឹកក្នុងនោះរួមមានទាំងទីតាំងដែលបណ្ដាប្រទេសដទៃមួយចំនួនចាត់ទុកថាជា «តំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន» នាវាឆ្មាំសមុទ្រចិនបានរក្សាវត្តមានយ៉ាងទៀងទាត់។ CCG បានដឹកនាំប្រតិបត្តិការល្បាត អមដំណើរកងទូកនេសាទចិន និងប្រើប្រាស់យុទ្ធសាស្ត្រសម្លុតគំរាម ដូចជាការប្រើកាណុងបាញ់ទឹក បាញ់ពន្លឺឡាស៊ែរ ការបិទខ្ទប់ និងការបើកបំបុកជាដើម។

ប្រតិបត្តិការរបស់ CCG កាន់តែត្រូវបានចិនពង្រីកធំឡើងៗ និងកាន់តែញឹកញាប់ ហើយម៉ឺងម៉ាត់ជាងមុន។ នេះបើតាមក្រុមអ្នកវិភាគដែលតាមដានសកម្មភាពឆ្មាំសមុទ្រចិន។ ជាឧទាហរណ៍៖ នៅក្បែរតំបន់ថ្មប៉ប្រះទឹក Scarborough Shoal នៅសមុទ្រចិនខាងត្បូង នាវា CCG បានធ្វើសកម្មភាព ៩៩៣លើកត្រឹមរយៈពេល ៦ខែដំបូងក្នុងឆ្នាំ២០២៦ បើធៀបទៅនឹងពេញមួយឆ្នាំ២០២៥ នាវាឆ្មាំសមុទ្រចិនធ្វើសកម្មភាព ១០៩៩លើក។ ចិនក៏បានពង្រីកការប្រើប្រាស់ឆ្មាំសមុទ្រចិនផងដែរ ក្នុងករណីមានភាពតានតឹងការទូតផ្ទុះឡើង។

* ហេតុអ្វីចិនប្រើឆ្មាំសមុទ្រក្នុងវិធីសាស្ត្របែបនេះ?
ក្រុមអ្នកវិភាគបាននិយាយថាការប្រើប្រាស់វិធីសាស្ត្រដូចដែលបានរៀបរាប់ខាងលើ អនុញ្ញាតឱ្យចិនបង្កើនការគ្រប់គ្រងរបស់ខ្លួនលើដែនទឹកមានជម្លោះដោយមិនបង្កឱ្យមានការប្រឈមមុខយោធាដាក់គ្នាដោយផ្ទាល់ ឬទ្រង់ទ្រាយធំនោះទេ។ នៅពេលដាក់ពង្រាយនាវាឆ្មាំសមុទ្រដែលត្រូវបានលាបពណ៌សជំនួសឱ្យនាវាចម្បាំងរបស់កងទ័ពជើងទឹកចិនដែលមានពណ៌ប្រផេះ រដ្ឋាភិបាលចិនតែងតែនិយាយថាខ្លួនកំពុងដឹកនាំការអនុវត្តច្បាប់តាមទម្លាប់ធម្មតា ដែលនេះបានបង្កភាពស្មុគស្មាញថាតើប្រទេសដទៃត្រូវឆ្លើយតបវិញយ៉ាងដូចម្ដេច? ជាទូទៅ ការបញ្ជូននាវាចម្បាំងឱ្យទៅធ្វើប្រតិបត្តិការប្រឆាំងនឹងនាវាឆ្មាំសមុទ្រ អាចនឹងបង្កឱ្យមានហានិភ័យនៃការផ្ទុះជម្លោះដោយបើកចំហ ហើយនេះមិនមែនជាយុទ្ធសាស្ត្រដែលចិនកំពុងប្រើនោះទេ។ ផ្ទុយទៅវិញ យុទ្ធសាស្ត្ររបស់ចិនត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា «ប្រតិបត្តិការតំបន់ពណ៌ប្រផេះ»។ ប្រតិបត្តិការនេះត្រូវបានស្ថាប័នស្រាវជ្រាវអាមេរិក RAND ចាត់ទុកថា «ជាការធ្វើប្រតិបត្តិការនៅចន្លោះរវាងសន្តិភាព និងសង្រ្គាម»។ ក្នុងន័យនេះ គឺចិនប្រើតាក់ទិកសម្លុតគំរាម យាយី និងដាក់សម្ពាធលើបណ្ដាប្រទេសដទៃដែលមានជម្លោះដែនទឹកជាមួយខ្លួន ដោយមិនបង្កឱ្យសង្រ្គាម ឬការប្រឈមមុខយោធាដោយផ្ទាល់ផ្ទុះឡើងឡើយ។

សកម្មភាពរបស់ CCG ក៏បាន និងកំពុងជួយទីក្រុងប៉េកាំងនៅក្នុងការពង្រឹងការទាមទារដែនទឹករបស់ខ្លួនបន្តិចម្ដងៗផងដែរ។ តាមរយៈការរក្សាវត្តមានយ៉ាងជាប់លាប់នៅក្នុងតំបន់ដែនទឹកមានជម្លោះ ចិនកំពុងបង្ហាញពីការគ្រប់គ្រងរដ្ឋបាលជាក់ស្ដែងលើដែនទឹកដែលខ្លួនទាមទារជាម្ចាស់កម្មសិទ្ធិ។

* តើបណ្ដាប្រទេសដទៃឆ្លើយតបវិញយ៉ាងដូចម្ដេច?
បណ្ដាប្រទេសដែលមានជម្លោះដែនទឹកជាមួយចិន បាន និងកំពុងជំរុញឱ្យមានការអនុវត្តតាមក្រមប្រតិបត្តិមួយដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នា បើទោះជាកិច្ចចរចាលើក្រមប្រតិបត្តិនេះបានជាប់គាំងអស់ជាង ២ទសវត្សរ៍មកនេះក៏ដោយ។ ការកើនឡើងការប្រើប្រាស់ CCG របស់ចិនបានជំរុញឱ្យប្រទេសជិតខាងមានជម្លោះដែនទឹកជាមួយចិនងាកទៅពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលសន្តិសុខសមុទ្រឱ្យកាន់តែស៊ីជម្រៅជាមួយប្រទេសដទៃ និងពង្រីកឆ្មាំសមុទ្រផ្ទាល់ខ្លួនរបស់ពួកគេ។ ជាក់ស្ដែង ឆ្មាំសមុទ្រតៃវ៉ាន់ និងជប៉ុនបានព្រមព្រៀងគ្នាក្នុងឆ្នាំ២០២៥ លើការបណ្ដុះបណ្ដាលរួមគ្នា ខណៈឆ្មាំសមុទ្រហ្វីលីពីនបានធ្វើទស្សនកិច្ចទៅកាន់តៃវ៉ាន់ជាលើកដំបូងក្នុងឆ្នាំ២០២៥។ កាលពីខែមេសា ឆ្នាំ២០២៦ ជប៉ុនបានចូលរួមក្នុងសមយុទ្ធយោធាប្រចាំឆ្នាំ ជាមួយហ្វីលីពីន និងសហរដ្ឋអាមេរិកជាលើកដំបូង។ ហ្វីលីពីនវិញបានពង្រីកកងកម្លាំងឆ្មាំសមុទ្ររបស់ខ្លួន ជាមួយការដាក់ចេញផែនការបង្កើនចំនួននាវាបន្ថែម ៥៦គ្រឿងឱ្យបានមុនឆ្នាំ២០៣១ សំដៅពង្រឹងប្រតិបត្តិការល្បាត និងការអនុវត្តច្បាប់នៅក្បែរតំបន់ជម្លោះសមុទ្រចិនខាងត្បូងជាទីដែលការប្រឈមមុខជាមួយចិនបានកើនឡើងកាន់តែញឹកញាប់។

* ហេតុអ្វីតៃវ៉ាន់តាមមើលមិនដាក់ភ្នែក?
ចំពោះតៃវ៉ាន់ CCG បានក្លាយជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់ចិនសម្រាប់យុទ្ធនាការដាក់សម្ពាធ ឬការដណ្ដើមកាន់កាប់កោះតៃវ៉ាន់ក្នុងថ្ងៃណាមួយនៅពេលអនាគត។ ខណៈការប្រើប្រាស់កម្លាំងយោធាទ្រង់ទ្រាយធំនៅតែជាជម្រើសមួយអាចធ្វើទៅបាន ក្រុមមន្ត្រីតៃវ៉ាន់ និងក្រុមអ្នកវិភាគយោធាខ្លះក៏បានផ្ដោតផងដែរលើសេណារីយ៉ូផ្សេងទៀត ដូចជាការបិទខ្ទប់ ឬការធ្វើចត្តាឡីស័កដែនសមុទ្រ។ មិនថាជាការបិទខ្ទប់ ឬការធ្វើចត្តាឡីស័ក សុទ្ធតែអាចបង្កការរាំងស្ទះដល់កប៉ាល់ដឹកទំនិញ និងបំផ្លាញសមត្ថភាពរបស់តៃវ៉ាន់ដើម្បីទទួលបានការនាំចូលសំខាន់ៗ ក្នុងនោះរួមមានឧស្ម័នធម្មជាតិដែលជាប្រភពថាមពលដ៏ចម្បងមួយរបស់តៃវ៉ាន់ក្នុងការផលិតថាមពលអគ្គិសនី។ នៅក្នុងសេណារីយ៉ូបែបនេះ ទីក្រុងតៃប៉ិជឿថា CCG ទំនងជាអាចនឹងដើរតួនាទីយ៉ាងធំតាមរយៈការអមដំណើរនាវាចម្បាំងចិន ស្ទាក់ឃាត់ និងបង្វែរទិសដៅធ្វើដំណើររបស់កប៉ាល់ដឹកទំនិញ ពង្រឹងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងគាំទ្រដល់ប្រតិបត្តិការរបស់កងទ័ពជើងទឹកចិន។

សញ្ញានៃការធ្វើប្រតិបត្តិការកាន់តែជិតសិ្នទ្ធរវាង CCG និងយោធាចិន គឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់ពីការកើនឡើងតួនាទីកាន់តែសំខាន់របស់ឆ្មាំសមុទ្រចិន។ អំឡុងការធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅជុំវិញតៃវ៉ាន់ កាលពីខែធ្នូ ឆ្នាំ២០២៥ CCG និងនាវាចម្បាំងរបស់ចិនក៏បានចូលរួមក្នុងសមយុទ្ធនេះដែរ។ ចំណែក របាយការណ៍មួយ កាលពីឆ្នាំ២០២៥ របស់ក្រសួងការពារជាតិអាមេរិកដាក់ជូនសភាអាមេរិក ក៏បានគូសបញ្ជាក់ផងដែរពីកើនឡើងការធ្វើសមាហរណកម្មរវាង CCG និងកងទ័ពជើងទឹកចិន៕