ក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ ចុះពិនិត្យ ៤ទីតាំងពាក់ព័ន្ធនឹង Online Scams និងការស្នាក់នៅដោយខុសច្បាប់របស់ជនបរទេស
03-08-2026 20:45
(បន្ទាយមានជ័យ)៖ ក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ សម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន និងលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានចុះធ្វើរដ្ឋបាលតាមអគារស្នាក់នៅ ចំនួន៤ទីតាំង ដោយមានការសហការចូលរួមពីម្ចាស់ទីតាំង ពិនិត្យឃើញថា ៣ទីតាំង ជនបរទេសបានចាកចេញអស់។
ប្រតិបត្តិការនេះក្រោមការដឹកនាំពីលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ក្នុងនោះ ១ទីតាំង មានជនបរទេសស្នាក់នៅខុសច្បាប់ចំនួន៣នាក់ប្រុស (មីយ៉ាន់ម៉ា) ក៏បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្ដនីតិវិធី។
ទីតាំងទី១ (ម្ចាស់ គង់ សុខ) អគារកម្ពស់៥ជាន់ ៤៨បន្ទប់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជនបរទេសបានចាកចេញអស់ ពុំមានសម្ភារ:សង្ស័យ។
ទីតាំងទី២ (ម្ចាស់ណុប វាសនា) អគារកម្ពស់៣ជាន់ ២០បន្ទប់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជនបរទេសបានចាកចេញអស់ ពុំមានសម្ភារ:សង្ស័យ។
ទីតាំងទី៣ (ម្ចាស់ អ៉ឹង សេរីរ័ត្ន) អគារ កម្ពស់៩ជាន់ ២០បន្ទប់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជនបរទេសបានចាកចេញអស់ ពុំមានសម្ភារ:សង្ស័យ។
ទីតាំងទី៤ (ម្ចាស់ សាន លឹមគ្រី) ផ្ទះវីឡាកម្ពស់២ជាន់ ៦បន្ទប់ ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពុំមានសម្ភារ:សង្ស័យ រកឃើញជនបរទេសចំនួន១០នាក់ ស្រី២នាក់ ២សញ្ជាតិ មីយ៉ាន់ម៉ា៥នាក់ ស្រី២នាក់ និងចិន៥នាក់ប្រុស ក្នុងនោះ ជនជាតិមីយ៉ាន់ម៉ា៣នាក់ប្រុស ពុំមានលិខិតឆ្លងដែនជាប់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្ដនីតិវិធី និងផាកពិន័យម្ចាស់ទីតាំងករណី៕






























