រដ្ឋមន្ត្រី ហួត ហាក់ និងរដ្ឋមន្ត្រី ឌិត ទីណា ជំរុញយុទ្ធនាការ «ទេសចរម្នាក់ ដើមឈើមួយដើម» ដើម្បីកសាងគោលដៅទេសចរណ៍បៃតងប្រកបដោយចីរភាព
03-08-2026 20:09
(សៀមរាប)៖ ក្នុងឱកាស នៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពី «កិច្ចសហប្រតិបត្តិការជំរុញខ្សែក្រវាត់បៃតង នៅតំបន់ទេសចរណ៍ និងពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្ម» លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងការដាំដើមឈើប្រណិត ស្ថិតនៅបរិវេណសួនអាស៊ាន-កូរ៉េ (សួនក្រញ៉ូង) ខេត្តសៀមរាប។
សកម្មភាពដាំដើមឈើនេះ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍ «ទេសចរណ៍បៃតង (Green Tourism)» នៅព្រះរាជាណាចក្រកម្ពុជា ដែលស្របទៅតាមនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្សាភ្ជាប់ការអភិរក្សបរិស្ថាន និងធនធានធម្មជាតិ ទៅនឹងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ កំពុងបន្តជំរុញយុទ្ធនាការ «ទេសចរម្នាក់ ដើមឈើមួយដើម (One Tourist, One Tree)» ដោយលើកទឹកចិត្តយ៉ាងសកម្មដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលរួមដាំដើមឈើ ក្នុងអំឡុងពេលទស្សនាកម្ពុជា។ គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីប្រែក្លាយរាល់ដំណើរកម្សាន្តរបស់ទេសចរ មិនត្រឹមតែជាការបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ប្រពៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបន្សល់ទុកនូវ «មរតកបៃតង» សម្រាប់សហគមន៍មូលដ្ឋាន និងជំនាន់ក្រោយៗទៀត។
ការអនុវត្តយុទ្ធនាការនេះ ក៏ជាការចូលរួមចំណែកយ៉ាងធំធេង ក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជា «គោលដៅទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត» ដែលផ្តល់ជូននូវបទពិសោធន៍ទេសចរណ៍ប្រកបដោយគុណភាព ភាពទាក់ទាញ ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងធានាបាននូវនិរន្តរភាពនៃវិស័យទេសចរណ៍ជាតិជាប្រវត្តិសាស្ត្រ៕


















