FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្ករផ្កាម្លិះ និងអង្ករផ្ការំដួលកម្ពុជា ឈ្នះរង្វាន់រសជាតិដ៏អស្ចារ្យឆ្នាំ២០២៦ ពីចក្រភពអង់គ្លេស

03-08-2026 19:00

(ភ្នំពេញ)៖ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានបង្ហោះសារអបអរសាទរចំពោះ អង្ករកម្ពុជា២ប្រភេទ ដែលបានឈ្នះរង្វាន់រសជាតិដ៏អស្ចារ្យឆ្នាំ២០២៦ (Great Taste Awards 2026) កម្រិតអន្តរជាតិ ពីចក្រភពអង់គ្លេស។

តាមបណ្ដាញសង្គមផ្លូវការរបស់ខ្លួន នៅប៉ុន្មានម៉ោងមុននេះ ស្ថានទូតអង់គ្លេស បានសាទរ និងបង្ហាញសេចក្តីសោមនស្សរីករាយដែលបានឃើញក្រុមហ៊ុនអង្ករកម្ពុជា ទទួលផលពីភាពជាដៃគូពាណិជ្ជកម្មអង់គ្លេស (UKTP)។

ក្រុមហ៊ុនចំនួន ២ ដែលឈ្នះក្នុងការវាយតម្លៃរួមមាន៖

* ក្រុមហ៊ុន Primalis Corporation ត្រូវបានទទួលស្គាល់សម្រាប់អង្ករផ្កាម្លិះលំដាប់ខ្ពស់របស់កម្ពុជា ដែលត្រូវបានសរសើរដោយគណៈកម្មការចំពោះភាពផ្អែមស្រាល និងរសជាតិដ៏អស្ចារ្យ។

*ក្រុមហ៊ុន Khmer Foods Group ទទួលបានការទទួលស្គាល់សម្រាប់អង្ករផ្កាម្លិះ ផ្ការំដួល ម៉ាកក្រយ៉ា ដែលត្រូវបានអបអរសាទរចំពោះរសជាតិ និងគុណភាពដ៏ល្អឥតខ្ចោះ។

ស្ថានទូតអង់គ្លេស បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះបង្ហាញពីកេរ្តិ៍ឈ្មោះអន្តរជាតិកាន់តែខ្លាំងឡើងរបស់អង្ករកម្ពុជា និងផលវិជ្ជមាននៃការគាំទ្រអាជីវកម្មក្នុងស្រុកឱ្យឈានដល់ទីផ្សារពិភពលោក។

ការទទួលបានរង្វាន់រសជាតិដ៏អស្ចារ្យឆ្នាំ២០២៦ ពីចក្រភពអង់គ្លេស មិនត្រឹមតែជាមោទនភាពដ៏ធំធេងសម្រាប់វិស័យកសិកម្មកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីគុណភាព និងរសជាតិឥតទាស់នៃអង្ករផ្កាម្លិះ និងផ្ការំដួលកម្ពុជា នៅលើឆាកអន្តរជាតិ។ ជោគជ័យនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពផលិតផលខ្មែរ ព្រមទាំងបើកឱកាសទីផ្សារថ្មីៗបន្ថែមទៀតសម្រាប់ការនាំចេញអង្ករកម្ពុជាទៅកាន់តំបន់អឺរ៉ុប និងពិភពលោកនាពេលអនាគត៕