អគ្គនាយកធនាគារអភវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមសិក្ខាសាលាស្តីពី ស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងមាគ៌ាឆ្ពោះទៅឆ្នាំ២០៥០
03-08-2026 18:36
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់អគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមសិក្ខាសាលាស្តីពី «ស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងមាគ៌ាឆ្ពោះទៅឆ្នាំ២០៥០»។
សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថានទូតប្រចាំនៅកម្ពុជា សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានអប់រំ ជាដើម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។
សិក្ខាសាលានេះ បានសង្កត់ធ្ងន់ទៅលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន ការវិវត្តនានាដែលជះឥទ្ធិពល មកលើសេដ្ឋកិច្ចកម្ពុជា កាលានុវត្តភាពសម្រាប់សេដ្ឋកិច្ចកម្ពុជា ក្នុងស្ថានភាពបច្ចុប្បន្ន និងយុទ្ធសាស្រ្តសម្រាប់ដំណើរឆ្ពោះទៅឆ្នាំ២០៥០។
បច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជា កំពុងរងសម្ពាធពីភូមិសាស្រ្តនយោបាយតំបន់ និងសកល (សង្រ្គាមរុស្សី-អ៊ុយក្រែន និងសង្រ្គាមមជ្ឍឹមបូព៌ា) ការកើនឡើងតម្លៃប្រេងឥន្ទនៈ ជម្លោះព្រំដែនកម្ពុជា-ថៃ សម្ពាធម៉ាក្រូសេដ្ឋកិច្ចខាក្រៅ និងបញ្ហាប្រែប្រួលអាកាសធាតុ ជាដើម។
ស្របពេលនឹងវិបត្តិនេះ សេដ្ឋកិច្ចកម្ពុជា ក៏ទទួលបានកាលានុវត្តភាពក្នុងការបន្តពង្រឹង និងកែទម្រង់វិស័យគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
យុទ្ធសាស្រ្តសម្រាប់ដំណើរឆ្ពោះទៅឆ្នាំ២០៥០ គឺការវិនិយោគលើមូលធនមនុស្សដោយផ្តោតពីកុមារ យុវជន រហូតដល់ពេញវ័យ ដើម្បីធានានូវការបង្កើនផលិតភាពការងារ «Productivity» ដែលជាកាតាលិករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕





