នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ណែនាំមន្រ្តីជំនាញបន្តពង្រឹងការងារស៊ើបអង្កេត ស្រាវជ្រាវ បង្ការ និងបង្រ្កាបបទល្មើសគ្រឿងញៀនឲ្យសកម្មថែមទៀត ដោយផ្តោតលើករណីធំៗ
03-08-2026 16:55
(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តខែសីហា របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
កិច្ចប្រជុំនេះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចប្រកបដោយសាមគ្គីភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការ បង្រ្កាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯកនាយកមន្ទីរ ក៏បានលើកឡើងអំពីការពង្រឹងសមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈ ជាពិសេសការបង្កើនកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធ ក៏ដូចជាការអនុវត្តច្បាប់ឲ្យបានតឹងរឹង និងមានប្រសិទ្ធភាពខ្ពស់ មួយវិញទៀត មន្រ្តីជំនាញត្រូវបន្តការស្រាវជ្រាវពាក់ព័ន្ធបទល្មើសសម្អាតប្រាក់។
ដើម្បីសម្រេចបានលទ្ធផលល្អបន្ថែមទៀតសម្រាប់ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៏បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ បន្តពង្រឹងការងារស៊ើបអង្កេត ស្រាវជ្រាវ បង្ការ និងបង្រ្កាបបទល្មើសគ្រឿងញៀនឲ្យសកម្មថែមទៀត ដោយផ្តោតលើករណីធំៗ និងការងារសម្អាតប្រាក់។
លោកឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់ថា ការអនុវត្តដីកាដែលនៅសេសសល់ ត្រូវតែបន្តការស្រាវជ្រាវទោះជានៅខេត្តណាក៏ដោយ ដើម្បីចូលរួមទប់ស្កាត់ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិប្រឆាំងគ្រឿងញៀន និងថែរក្សាសុខសន្តិភាពជូនសង្គមជាតិ៕











