សកម្មជន និងភ្នាក់ងារសង្កេតការណ៍គណបក្សភ្លើងទៀន ៣០រូប ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅខេត្តកំពង់ស្ពឺ
03-08-2026 15:22
(កំពង់ស្ពឺ)៖ កាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ សកម្មជន និងភ្នាក់ងារសង្កេតការណ៍គាំទ្រគណបក្សភ្លើងទៀនចំនួន ៣០រូប ក្នុងឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានសម្រេចចិត្តស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីទទួលនេះត្រូវបានដឹកនាំដោយលោក ទី ប៊ុនថេង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារស្នូលរបស់ក្រុមចលនាកសាងសមាជិកបក្សស្នាក់ការកណ្ដាល ព្រមទាំងមានការយកចិត្តទុកដាក់ខ្ពស់ពីលោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ។
ការសម្រេចចិត្តរបស់សកម្មជនទាំង ៣០រូបនេះ គឺធ្វើឡើងដោយឥតមានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ។ ពួកគាត់បានបង្ហាញពីការលែងជឿជាក់លើក្រុមទណ្ឌិតដែលរត់ចោលស្រុក និងមានបំណងចង់បំបែកបំបាក់សាមគ្គីភាពខ្មែរ រួមទាំងបំផ្លាញសុខសន្តិភាពជាតិ។ ហេតុនេះហើយ ទើបពួកគាត់សម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងគោរពគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចតេជោ និងសម្តេចធិបតី ក្នុងការដឹកនាំដោះស្រាយបញ្ហាជាតិ។
ថ្លែងក្នុងឱកាសនោះ លោក ទី ប៊ុនថេង បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុក ដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរលង់ និងបាននាំមកនូវសមិទ្ធផលរីកចម្រើនយ៉ាងច្រើនឥតគណនាសម្រាប់ប្រទេសជាតិ រួមទាំងការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងការបង្រួបបង្រួមជាតិ រហូតនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។
ការចូលរួមរបស់សកម្មជនទាំងនេះ គឺជាភស្តុតាងមួយទៀតដែលបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងស្រឡាញ់យ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ ដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ថ្នាក់ដឹកនាំគណបក្ស ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គណបក្សប្រជាជនកម្ពុជា បន្តប្តេជ្ញាដឹកនាំប្រទេសឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ ដើម្បីប្រជាជន៕





