FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារជាតិនៃកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីលើធនាគារចំនួន ៣ បន្ថែមទៀត

03-08-2026 15:18

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បាន​សម្រេចដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីគ្រឹះស្ថានធនាគារចំនួន ៣ រួមមាន​ ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក, ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក និង ធនាគារ អេចអេច (ខេមបូឌា) ម.ក​ ដែលការសម្រេចនេះធ្វើឡើងដោយផ្អែកលើអនុលោមភាពដែលបានកំណត់ក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៅថ្ងៃទី៣ ខែសីហា ឆ្នាំ​២០២៦នេះ។

ដើម្បីអនុវត្តនីតិវិធីជម្រះបញ្ជីនេះ ធនាគារជាតិនៃកម្ពុជាបានតែងតាំងក្រុមហ៊ុនចំនួនពីរជាអ្នកជម្រះបញ្ជី។ ក្រុមហ៊ុន រីចន៍ & ផាតនើរ ត្រូវបានតែងតាំងជាអ្នកជម្រះបញ្ជីសម្រាប់ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក។ រីឯក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក ត្រូវបានតែងតាំងជាអ្នកជម្រះបញ្ជីសម្រាប់ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក និង ធនាគារ អេចអេច (ខេមបូឌា) ម.ក។ ក្រុមហ៊ុនទាំងពីរនេះនឹងបន្តនីតិវិធីជម្រះបញ្ជីតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានចាប់ពីថ្ងៃតែងតាំងតទៅ។

ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារទាំងបីនេះ ត្រូវរៀបចំឯកសារដើម្បីស្នើសុំដកប្រាក់បញ្ញើ ដែលនឹងត្រូវបានចាត់ចែងទូទាត់ ជូនតាមលំដាប់អាទិភាពដូចកំណត់ដោយច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ចំណែកឯអ្នកខ្ចីប្រាក់ពីធនាគារទាំងបីនេះវិញ គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី៕