FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដើម្បីឱ្យទឹកហូរបានលឿន បញ្ចៀសការជន់លិចដោយទឹកភ្លៀង រដ្ឋបាលរាជធានីសាងសង់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ថ្មី នៅសង្កាត់ស្វាយប៉ាក

03-08-2026 15:14

(ភ្នំពេញ)៖ ក្នុងផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរំដោះជំនន់ទឹកភ្លៀង បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាល បានកសាងស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ថ្មីមួយទៀត ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដែលមានសមត្ថភាពបូមរំដោះទឹកបាន៨,៣៤ម៉ែត្រគូប ក្នុង១វិនាទី។

ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ បានចាប់ផ្តើមការសាងសង់ឡើង ក្រោមគំនិតផ្តួចផ្តើមរបស់លោកអភិបាលរាជធានីភ្នំពេញ ដោយការដ្ឋានសម្រេចបាន៩០%ហើយ គ្រោងភ្ជាប់ទុយោជាមួយស្ថានីយនៅមុនបុណ្យភ្ជំបិណ្ឌ ដើម្បីបូមទឹកទម្លាក់ចូលទន្លេនិងគ្រោងបញ្ចប់ការដ្ឋានទាំងស្រុង នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

ស្ថានីយបូមទឹកនេះ មានបំពាក់ម៉ូទ័រ ចំនួន៤គ្រឿង មានមុខកាត់១ម៉ែត្រ កម្លាំងបូម ៩០០០ ម៉ែត្រគូប/ម៉ោង មានចំនួន២គ្រឿង។ ម៉ូទ័រ មុខកាត់ ០.៨ម៉ែត្រ កម្លាំងបូម ៦០០០ ម៉ែត្រគូប/ម៉ោង មានចំនួន២គ្រឿងសរុបកម្លាំងបូមទឹក ៣០,០០០ម៉ែត្រគូប/ម៉ោង ឬ ៨,៣៤ ម៉ែត្រគូប/វិនាទី។

លោក គន់ សោភា ប្រធានការិយាល័យសាធារណការនិងដឹកជញ្ជូនខណ្ឌឫស្សីកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែសីហានេះថា៖ ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ មានតួនាទីបូមរំដោះទឹកចេញពីប្រឡាយបាក់ទូក ប្រឡាយអូវែង មកគីឡូម៉ែត្រលេខ៩។ ស្ថានីយបូមទឹកនេះ មិនត្រឹមតែរំដោះទឹកនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវប៉ុណ្ណោះទេ គឺបានរំដោះទឹកចេញខណ្ឌដូនពេញ និងខណ្ឌទួលគោកថែមទៀត។

លោក គន់ សោភា បានបន្តទៀតថា៖ ក្រៅពីកសាងស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ និងអនុវត្តតាមការចង្អុលបង្ហាញជាប់ជាប្រចាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌឫស្សីកែវ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការស្តារប្រឡាយបាក់ទូក និងប្រឡាយអូវែងថែមទៀត ដើម្បីឱ្យទឹកបានហូរលឿនឆ្ពោះមកស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩។

ក្នុងនោះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងដែរថា៖ ការស្តារប្រឡាយបាក់ទូក និងប្រឡាយអូវែង ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានអនុវត្តរយៈពេល១២២ថ្ងៃមកហើយ ដោយចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។ ជាលទ្ធផលប្រឡាយបាក់ទូក ស្តារបានប្រវែង ៣,៥២០ម៉ែត្រ និងប្រឡាយអូវែង ស្តារបានប្រវែង ៣,៤៨០ម៉ែត្រ សរុបប្រវែង៧,០០០ ម៉ែត្រ។ ប្រើប្រាស់គ្រឿងចក្រ និងមធ្យោបាយ១១គ្រឿង (រថយន្តបូមដឹកសំណល់ចេញ០៥ គ្រឿង, អ៊ិចស្កាវ៉ាទ័រដៃវែង០៣ គ្រឿង, អ៊ិចស្កាវ៉ាទ័រដៃខ្លី ០១គ្រឿង, សាឡង់០១គ្រឿង)។ ប្រឡាយទាំង២នេះជួយរំដោះទឹកភ្លៀងពេលមានភ្លៀងធ្លាក់ខ្លាំង ការពារការលិចលង់ និងជាទីតាំងយុទ្ធសាស្ត្រ ទទួលទឹកហូរធ្លាក់ពីស្ថានីយបូមទឹកទួលគោក។

ជាមួយគ្នានេះដែរ លោក ម៉ៅ វណ្ណា ចៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណៈចុះពិនិត្យមើលប្រឡាយខាងលើ នាព្រឹកថ្ងៃទី០៣ សីហានេះ បានមានប្រសាសន៍ឱ្យដឹងថា៖ ខណៈកំពុងប្រឡាយអូវែង ឯកឧត្តមអភិបាលរាជធានីភ្នំពេញឱ្យកសាងស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ថែមទៀត វានឹងធ្វើឱ្យសង្កាត់គីឡូម៉ែត្រលេខ៦លែងប្រឈមមុខនឹងការលិចលង់ដោយជំនន់ទឹកភ្លៀងទៀតហើយ។

លោក ចៅសង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងនាមប្រជាពលរដ្ឋ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានកសាងស្ថានីយបូមទឹកមួយនេះឡើង ដែលបានធ្វើឱ្យប្រជាពលរដ្ឋ លែងភ័យព្រួយពីការលិចលង់ដោយជំនន់ទឹកភ្លៀងទៀត។

ជាមួយគ្នានោះ លោកចៅសង្កាត់ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជាប់ប្រឡាយ សូមចូលរួមថែរក្សាប្រឡាយ ដែលបានស្តាររួច និងសូមវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសការលិចលង់៕