កម្ពុជាទទួលបានឥណទានសម្បទាន ២៥០ លានដុល្លារពី ADB សម្រាប់កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច
03-08-2026 13:53
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានទំហំ ២៥០ លានដុល្លារអាម៉េរិក សម្រាប់ «កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច (RISE)» កាលពីព្រឹកថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមក្របខណ្ឌ Countercyclical Support Facility (CSF) ដើម្បីគាំទ្រដល់ការអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ« របស់រាជរដ្ឋាភិបាល។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី យ៉ាសមីន ស៊ីឌីគី នាយិកាស្ថានតំណាង ADB ប្រចាំកម្ពុជា បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងដ៏សំខាន់នេះ។
«កម្មវិធី RISE» មានគោលបំណងគាំទ្រដល់ការអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីឆ្លើយតបនឹងផលប៉ះពាល់អវិជ្ជមានជាបន្តបន្ទាប់ ដែលបណ្តាលមកពីពហុវិបត្តិ និងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសកល និងតំបន់ ។
«កម្មវិធី RISE» ផ្តោត លើសម្មិទ្ធិផលគន្លឹះចំនួន ៣ រួមមាន៖ ១. ការកាត់បន្ថយផលប៉ះពាល់ជាបណ្តោះអាសន្នពីការប្រែប្រួលខ្លាំងនៃថ្លៃប្រេងឥន្ធនៈលើសេដ្ឋកិច្ច ២. ការផ្តល់ជំនួយហិរញ្ញវត្ថុចំគោលដៅ និងការគាំទ្រសកម្មភាពកសិកម្មជូនគ្រួសារងាយរងគ្រោះ និង ៣. ការពន្លឿនអន្តរកាលបៃតង សំដៅពង្រឹងភាពធន់ និងភាពឆ្លើយតបចំពោះវិបតិ្តថាមពលជាយថាហេតុនាពេលអនាគត ។ ការទទួលបានហិរញ្ញប្បទានសម្រាប់ «កម្មវិធី RISE» ក្រោមយន្តការ CSF នាពេលនេះ មិនត្រឹមតែជាការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណោះស្រាយទាន់ពេលវេលា ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឱ្យឆ្លងផុតពីកាលៈទេសៈដ៏លំបាកនេះ និងរក្សាសន្ទុះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។
កម្ពុជា ជាប្រទេសសមាជិកទី ១ ដែលទទួលបានការគាំទ្រពី ADB លើ«កម្មវិធី RISE» នេះ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល ADB កាលពីថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ ២០២៦ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានក្នុងថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦ ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Masato Kanda ប្រធាន ADB ដែលបានប្រកាសដាក់ចេញនូវកញ្ចប់អន្តរាគមន៍ក្រោមក្របខណ្ឌ CSF ដែលជាការឆ្លើយតបរបស់ ADB យ៉ាងឆាប់រហ័សចំពោះវិបត្តិនៅមជ្ឈិមបូព៌ា ព្រមទាំងបានថ្លែងអំណរគុណដល់ស្ថានតំណាង ADB ប្រចាំកម្ពុជា និងក្រុមបេសកកម្មរបស់ ADB ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក្នុងការរៀបចំ និងបំពេញនីតិវិធីនានា រហូតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ពិធីចុះហត្ថលេខានាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ, ការគាំទ្រ និងការជឿទុកចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាពីសំណាក់ ADB ។ កម្មវិធី នេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ADB ប៉ុណ្ណោះទេ ប៉ុន្តែ ADB បានដើរតួជា «កាតាលីករ» ដ៏សំខាន់ ក្នុងការកៀរគរហិរញ្ញប្បទានបន្ថែមសម្រាប់ជួយដល់កម្ពុជា ពិសេសក្នុងកាលៈទេៈដែលកម្ពុជាត្រូវការជាក់ស្តែង និងបន្ទាន់ ដូចជា វិបត្តិទឹកជំនន់ឆ្នាំ២០០០-២០០១, វិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ និងវិបត្តិកូវីដ-១៩ នាពេលកន្លងមកជាដើម ។
លោក Nianshan Zhang បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលក្នុងភាពជាម្ចាស់ និងកិច្ចខិតខំប្រឹងប្រែងរក្សាស្ថិរភាពសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជនក្នុងកាលៈទេសៈដ៏លំបាកនេះ ដោយបានគិតគូរ និងដាក់ចេញនូវវិធានការយ៉ាងឆាប់រហ័ស ដោះស្រាយបញ្ហាប្រឈម សំដៅកាត់បន្ថយផលប៉ះពាល់លើជីវភាពប្រជាជន និងសេដ្ឋកិច្ច ព្រមទាំងពង្រឹងភាពធន់ និងភាពឆ្លើយតបរបស់កម្ពុជា ចំពោះវិបត្តិថាមពលជាយថាហេតុនាពេលអនាគត ។ ADB បន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា រួមគ្នាដោះស្រាយ បញ្ហាប្រឈមនានា ដើម្បីធានាបាននូវកិច្ចអភិវឌ្ឍន៍ប្រកបដោយ និងចីរភាព ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានស្នើ ADB បន្តផ្តល់ហិរញ្ញប្បទានសម្បទានដែលមានភាពបត់បែនខ្ពស់សម្រាប់កម្ពុជា ក្នុងដំណាក់កាលអន្តរកាល បន្ទាប់ពីការចាកចេញរបស់កម្ពុជាពីចំណាត់ ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) ដើម្បីបន្តគាំទ្រដល់ការវិនិយោគលើវិស័យអាទិភាព និងរក្សាសន្ទុះនៃការអភិវឌ្ឍប្រកបដោយចីរភាព៕












