អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ពលរដ្ឋមិនគួរចូលរួមបាតុកម្មខុសច្បាប់ និងបរិច្ចាគលុយឱ្យក្រុមជ្រុលនិយមយកទៅបម្រើនយោបាយបោកប្រាស់នោះទេ
03-08-2026 13:03
(ភ្នំពេញ)៖ អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំងមើលការអភិវឌ្ឍន៍សង្គម បានអំពាវនាវឱ្យជាប្រជាពលនៅក្រៅប្រទេស ជាពិសេសននៅសាធារណរដ្ឋកូរ៉េ កុំបរិច្ចាគលុយតាមរយៈការធ្វើបាតុកម្មរ៉ៃអង្គាស់របស់ក្រុមជ្រុលនិយមដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដើម្បីយកទៅធ្វើជាដើមទុន និងបង្កើតចលនាប្រឆាំងដោយខុសច្បាប់នៅក្រៅប្រទេសនោះទេ។
លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ បានថ្លែងថា ប្រជាពលរដ្ឋនៅក្រៅប្រទេស ជាពិសេសនៅសាធារណរដ្ឋកូរ៉េ មិនគួរចូលរួមបរិច្ចាគលុយកាក់របស់ខ្លួនទៅឱ្យក្រុមជ្រុលនិយមដែលដឹកនាំដោយលោក សម រង្ស៊ី នោះទេ ព្រោះពួកគេតែងតែធ្វើបាតុកម្មរ៉ៃលុយពីបងប្អូន ដើម្បីយកទៅចំណាយលើផែនការបង្កើតចលនាខុសច្បាប់ និងសកម្មភាពខូចផលប្រយោជន៍ជាតិនៅក្រៅប្រទេស។
លោកបន្តថា៖ «សកម្មភាពនយោបាយរបស់ពួកគេ គឺខ្វះខាតលុយកាក់ច្រើនក្នុងការធ្វើបេសសកម្មនានានៅក្រៅប្រទេស។ អ៊ីចឹង ! មានតែប្រើប្រាស់បាតុកម្ម ឬយុទ្ធនាការនានា ដើម្បីបោកប្រាស់ពលរដ្ឋនៅក្រៅប្រទេសម្ដងហើយម្ដងទៀត ហើយបាតុកម្មលើកនេះ ក៏មិនខុសពីលើកមុនៗដែរ គឺមិនអាចរកដំណោះស្រាយអ្វីបានទេ គឺមានតែធ្វើឱ្យខូចមុខមាត់ជាតិខ្លួនឯងលើទឹកដីបរទេសទៅវិញទេ»។
ក្នុងន័យនេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋកុំចាញ់បោកក្រុមដឹកនាំបាតុកម្មបន្តទៀត ហើយកុំចំណាយពេលវេលា កម្លាំងកាយចិត្ត និងការចំណាយលុយជាមួយនឹងសកម្មភាពខុសច្បាប់ដូចជា បាតុកម្ម ឬក៏សកម្មភាពដែលបម្រើឱ្យផែនការបដិវត្តពណ៌របស់ជនក្បត់ជាតិ ព្រោះពួកគេតែប្រើប្រាស់រូបភាពផលប្រយោជន៍ជាតិមកបាំងមុខតែប៉ុណ្ណោះ។
ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា៖ «ក្រុមដឹកនាំបាតុកម្មនេះ តែងតែតាមទាន់ព្រឹត្តិការណ៍ជានិច្ច ដើម្បីបង្កើតកម្មវិធីបាតុកម្ម ហើយប្រកាសប្រមូលលុយពីសកម្មជនខ្លួន និងធ្វើនយោបាយបែបប្រជាភិថុតិ។ បើយើងសង្កេតមើលបន្ដិច គឺសកម្មភាពស្នេហាជាតិ ប៉ុន្ដែបើយើងតាមដានពីដើមរៀងមក គឺពួកគេបង្កើតសកម្មភាពប្រមូលលុយ និងកេងចំនេញនយោបាយ បោកប្រាស់បងប្អូនយើងនៅក្រៅប្រទេស»។
បើតាមលោក សំ សឿនថា ប្រសិនបើប្រមូលលុយបានច្រើនគួរសមហើយ ក្រុមអ្នកដឹកនាំបាតុកម្មគួរតែបង្ហាញពីតម្លាភាពនៃការចំណាយលុយ ដើម្បីកុំឱ្យម្ចាស់លុយដែលបានបរិច្ចាគនោះទន្ទឹងរង់ចាំលទ្ធផលលុយកាក់របស់ពួកគាត់។ ជាទូទៅលុយដែលរ៉ៃអង្គាស់បាននោះ គឺទំនងជាប្រើប្រាស់ក្នុងសកម្មភាពកៀរគរមនុស្សធ្វើបាតុកម្ម និងបម្រើសកម្មភាពរៀបចំផែនការបដិវត្តពណ៌នៅកម្ពុជា។
អ្នកឃ្លាំមើលរូបនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកដែលធ្លាប់ចាញ់បោកកន្លងមក គួរតែភ្ញាក់រឭកឈប់ចាញ់បោកក្រុមដឹកនាំបាតុកម្ម និងគ្នីគ្នារបស់ក្រុមជ្រុលនិយមទាំងនោះបន្តទៀត។ ពួកគាត់គួរតែងាកមកចូលរួមជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ននេះ៕


