FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាជនភៀសសឹក ដោយសារជម្លោះព្រំដែនជាមួយប្រទេសថៃ (Video inside)

03-08-2026 12:47

(ព្រះវិហារ)៖ ក្រោមម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំ លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាជនភៀសសឹក និងបញ្ហាផ្សេងៗដែលកើតមានឡើង ដោយសារជម្លោះព្រំដែនជាមួយប្រទេសថៃ។

លោក វ៉ាង វិនពីន បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញរួមដំណើរជាមួយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋជនភៀសសឹកនៅខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ នេះជាលើកទី២ហើយ ដែលលោកឯកអគ្គរដ្ឋទូត បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនជនភៀសសឹកដោយសារការឈ្លានពានរបស់ថៃលើដែនអធិបតេយ្យកម្ពុជា។

លោកបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូនថា ភាពលំបាក គឺជារឿងបណ្ដោះអាសន្ន។ ជនជាតិខ្មែរ គឺជាជនជាតិដ៏អស្ចារ្យ និងមានការប្ដេជ្ញាចិត្ត និងសមត្ថភាពគ្រប់គ្រាន់ដើម្បីយកជ័យជម្នះគ្រប់ភាពលំបាក និងការប្រឈមមុខនឹងបញ្ហានានា។ យើងសង្ឃឹមថា ក្រោមម្លប់ដល់ត្រជាក់របស់ព្រះមហាក្សត្រ និងដឹកនាំពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រទេសកម្ពុជា នឹងរក្សានិន្នាការសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយសន្ដិភាព»

បើតាមលោកឯកអគ្គរដ្ឋទូត, ភាគីចិននៅតែបន្ដគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងជួយសម្រាលតាមដែលអាចធ្វើទៅបានក្នុងការដោះស្រាយបញ្ហាជនភៀសសឹក ដើម្បីឲ្យការស្នាក់នៅរបស់ពួកគាត់កាន់តែល្អប្រសើរ។ លោកបន្ដថា ដរាបណាជនភៀសសឹកមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាននោះ ជំនួយរបស់ប្រទេសចិន គឺនៅតែបន្ដផ្ដល់មិនបញ្ឈប់នោះឡើយ៕