FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សម្រាប់កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM)

03-08-2026 10:54

(សៀមរាប)៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីបណ្តាមន្ត្រីជាន់ខ្ពស់ ACCSM, មន្ត្រីបង្គោល ACCSM និងលេខាធិការដ្ឋានអាស៊ាន។

នៅក្នុងឱកាសបើកកិច្ចប្រជុំនេះ លោក យក់ ប៊ុនណា បានដឹកនាំពិនិត្យ ពិភាក្សា និងសម្របសម្រួលលើឯកសារគតិយុត្តសំខាន់ៗ វឌ្ឍនភាពការងារ និងរបៀបវារៈនានា ជាមួយបណ្តាប្រធានប្រតិភូមន្ត្រីជាន់ខ្ពស់ មកពីប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីធានាឱ្យកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃបន្តបន្ទាប់ ទទួលបានលទ្ធផលផ្លែផ្កា និងជោគជ័យខ្ពស់។

កិច្ចប្រជុំថ្នាក់តំបន់ដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធ និងជំរុញការធ្វើនវានុវត្តន៍ក្នុងវិស័យមុខងារសាធារណៈ រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូ ដើម្បីឆ្លើយតបទៅនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព៕