បង្ក្រាបសំបុកគ្រឿងញៀនទ្រង់ទ្រាយធំ ៥ គោលដៅនៅស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យ ១៧ នាក់
02-08-2026 22:42
(ស្ទឹងត្រែង)៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យបានសរុប ១៧ នាក់ (ស្រី ៣នាក់) ព្រមទាំងដកហូតបានវត្ថុតាងជាច្រើន និងដោះស្រាយករណីបង្កការភ័យខ្លាចដល់សាធារណជនបានទាន់ពេលវេលា។
ប្រតិបត្តិការដ៏ក្តៅគគុកនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញបានចុះលុកលុយបង្ក្រាប ៥គោលដៅផ្សេងគ្នា ក្រោមការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។
នៅរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៦ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យលទ្ធផលប្រតិបត្តិការដោយផ្ទាល់ នៅស្នងការដ្ឋាននគរបាលខេត្ត។
លោកអភិបាលខេត្ត បានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ និងពុះពាររាល់គ្រោះថ្នាក់ ដើម្បីការពារសុខសុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងព័ត៌មានដែលបានចែកចាយលើបណ្ដាញសង្គម Facebook កាលពីម្សិលមិញថា ជាករណី «ប្លន់ម៉ូតូ» នោះ លោក សរ សុពុត្រា បានធ្វើការបកស្រាយបំភ្លឺ និងអំពាវនាវដល់សាធារណជនថា នេះមិនមែនជាករណីប្លន់ទ្រព្យសម្បត្តិដូចការយល់ច្រឡំឡើយ។
លោកអភិបាលខេត្តបានបកស្រាយថា វាជាប្រតិបត្តិការសមត្ថកិច្ចចុះដេញបង្ក្រាបជនល្មើសគ្រឿងញៀន ដែលក្នុងអំឡុងពេលនោះ ជនសង្ស័យម្នាក់មានអាវុធក្នុងដៃ បានធ្វើសកម្មភាពតដៃ និងបានភ្ជង់ជិះយកម៉ូតូពីប្រជាពលរដ្ឋជាកម្មករ ដើម្បីជិះគេចខ្លួន។
លោកបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែសីហានេះ សមត្ថកិច្ចបានស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យប្រដាប់អាវុធរូបនោះបានរួចរាល់ហើយ។
នៅក្នុងឱកាសចុះត្រួតពិនិត្យនោះដែរ ម៉ូតូដែលជនល្មើសបានភ្ជង់យកទៅ ត្រូវបាន លោក សរ សុពុត្រា ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះជាម្ចាស់ដើមវិញភ្លាមៗ រួចរាល់ប្រកបដោយបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងបង្កើតនូវភាពជឿជាក់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋមកលើអាជ្ញាធរមានសមត្ថកិច្ច។
ប្រតិបត្តិការនេះបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរខេត្តក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីធានាសុវត្ថិភាពសង្គម។




















