អាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំពិធីចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ ជូនអាជីវករភៀសសឹកនៅភូមិរង់ចាំ
01-08-2026 22:24
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចាប់ឆ្នោតជ្រើសរើសតូបលក់ដូរជូនបងប្អូនអាជីវករភៀសសឹក ដែលរងគ្រោះដោយសារសង្គ្រាម នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត រួមនឹងក្រុមការងារពាក់ព័ន្ធជាច្រើនរូប។
ការរៀបចំនេះធ្វើឡើងដោយមានការគិតគូរខ្ពស់ពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈក្រុមការងារដែលមានកិត្តិសង្គហបណ្ឌិត គន់ គីម និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងការចូលរួមពីលោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាពិសេសលោក កែ គឹមយ៉ាន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវ ដែលបានបរិច្ចាគដីចំនួន ៤០០ហិកតា ជូនរាជរដ្ឋាភិបាល ដើម្បីរៀបចំជម្រកសមរម្យ ព្រមទាំងដី និងផ្ទះ ជូនបងប្អូនភៀសសឹកបានរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។
ក្នុងដំណាក់កាលដំបូងនេះ មានតូបលក់ដូរប្រមាណជាង ៣០០តូប ត្រូវបានចាប់ឆ្នោតចែកជូនបងប្អូនអាជីវករ។
អាជ្ញាធរខេត្ត ស្រុក និងមូលដ្ឋាន បានធ្វើការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់លើពាក្យស្នើសុំរបស់បងប្អូន មុននឹងឈានដល់ការចាប់ឆ្នោតនេះ។ អាជ្ញាធរក៏បានបែងចែកប្រភេទតូបទៅតាមមុខទំនិញផ្សេងៗគ្នា ដូចជា ឥវ៉ាន់ចាប់ហួយ សម្លៀកបំពាក់ ម្ហូបអាហារ គ្រឿងសមុទ្រ ត្រី និងសាច់ ដើម្បីងាយស្រួលក្នុងការលក់ដូរ។
អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានសំណូមពរដល់បងប្អូនអាជីវករទាំងអស់ ចូលរួមថែរក្សាបរិស្ថាន និងអនាម័យនៅក្នុងផ្សារឱ្យបានល្អប្រសើរ នៅពេលដែលផ្សារចាប់ផ្ដើមដំណើរការលក់ដូរជាផ្លូវការ។
ជំហានបន្ទាប់ អាជ្ញាធរនឹងបន្តរៀបចំការចាប់ឆ្នោតសម្រាប់បងប្អូនអាជីវករដែលនៅសល់បន្តទៀត ដើម្បីធានាថាគ្រប់គ្នាទទួលបានទីកន្លែងសមរម្យសម្រាប់ប្រកបរបរ។














