រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការបង្កើតលិខិតបទដ្ឋានគតិយុត្ត មិនមែនជាការបង្កើតរបាំងរឹតត្បិត សិទ្ធិសេរីភាពសារព័ត៌មានទេ តែជាការគូសបន្ទាត់ក្រហមញែកដាច់ពីគ្នារវាងអ្នកសារព័ត៌មានពិតប្រាកដ និងជនឆ្លៀត ឱកាសនិយមដែលជ្រកក្រោមស្លាកសារព័ត៌មាន
01-08-2026 16:26
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការបង្កើតលិខិតបទដ្ឋានគតិយុត្ត មិនមែនជាការបង្កើត «របាំងរឹតត្បិត» សិទ្ធិសេរីភាពសារព័ត៌មាននោះទេ តែជាការគូសបន្ទាត់ក្រហមញែកដាច់ពីគ្នារវាង «អ្នកសារព័ត៌មានពិតប្រាកដ»និង «ជនឆ្លៀត ឱកាសនិយមដែលជ្រកក្រោមស្លាកសារព័ត៌មាន» ដើម្បីកេងចំណេញប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នព័ត៌មានជារួម។
ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើឡើងក្នុងឱកាសលោកអញ្ជើញបិទសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក្រោមប្រធានបទ «គុណវុឌ្ឍិវិជ្ជាជីវៈ និងសេវាសាធារណៈ» នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន, ប្រធានមន្ទីរព័ត៌មានរាជធានី ខេត្ត សមាគមអ្នកសារព័ត៌មាន តំណាងម្ចាស់ស្ថានីយទូរទស្សន៍ វិទ្យុ កាសែត និងអ្នកសារព័ត៌មានជាង២០០នាក់។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា សិក្ខាសាលានេះមិនត្រឹមតែបានរួមចំណែកពង្រឹងការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតការយល់ឃើញរួមអំពីតួនាទី កាតព្វកិច្ច ការទទួលខុសត្រូវ និងស្តង់ដារវិជ្ជាជីវៈ ដែលអ្នកប្រកបការងារក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ត្រូវប្រកាន់ខ្ជាប់។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា តាមរយៈបទបង្ហាញ ការផ្លាស់ប្តូរយោបល់ និងការពិភាក្សាក្នុងសិក្ខាសាលានេះ យើងអាចវាយតម្លៃបានថា ក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន បានដើរតួនាទីសំខាន់ក្នុងការធានា សណ្តាប់ធ្នាប់ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកប្រកបអាជីវកម្ម អ្នកសារព័ត៌មាន និងសាធារណជន ព្រមទាំងលើកកម្ពស់គុណភាព សុចរិតភាព និងទំនួលខុសត្រូវក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន។ ទោះជាយ៉ាងណាការមានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តតែមួយមុខ មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ប្រសិទ្ធភាពពិតប្រាកដ ស្ថិតនៅលើការយល់ដឹងឱ្យបានច្បាស់ ការបកស្រាយឱ្យបានត្រឹមត្រូវ ការអនុវត្តឱ្យបានម៉ឺងម៉ាត់ ស្មើភាព និងមានភាពស៊ីសង្វាក់គ្នារវាងអង្គភាពនៅថ្នាក់កណ្តាល និងមន្ទីរព័ត៌មានរាជធានី-ខេត្ត។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបន្តចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងផ្តល់នូវសន្តិសុខព័ត៌មាន សុវត្ថិភាពព័ត៌មានជូនដល់ប្រជាពលរដ្ឋ។ ការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវ គឺជាកាតព្វកិច្ចស្នូលរបស់អ្នកសារព័ត៌មាន ដើម្បីរក្សាបាននូវភាពជឿជាក់ និងគុណតម្លៃនៃវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា បច្ចេកវិទ្យាឌីជីថល បណ្តាញសង្គម បញ្ញាសិប្បនិម្មិត Generative AI និងបច្ចេកវិទ្យាថ្មីៗ បានបង្កើតឱកាសដ៏ធំធេងសម្រាប់ការផលិត និងផ្សព្វ ផ្សាយព័ត៌មាន ប៉ុន្តែក៏បាននាំមកនូវបញ្ហាប្រឈមស្មុគស្មាញជាច្រើនផងដែរ។ បញ្ហាប្រឈមទាំងនោះ រួមមាន ព័ត៌មានក្លែងក្លាយ ព័ត៌មានបំភាន់ ព័ត៌មានបង្កការភាន់ច្រឡំ ការកែច្នៃរូបភាព សំឡេង និងវីដេអូក្នុងទម្រង់ Deepfake ការរំលោភសិទ្ធិបញ្ញា ការរំលោភសិទ្ធិឯកជន ការប្រើប្រាស់តួនាទីអ្នកសារព័ត៌មានខុសគោលដៅ និងការផ្សព្វផ្សាយព័ត៌មានដោយគ្មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងបរិបទនេះ ការយល់ដឹង និងការអនុវត្តច្បាប់ មិនមែនជាបន្ទុករបស់អាជ្ញាធរតែម្ខាងទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់រដ្ឋ អង្គភាពសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រកបអាជីវកម្មសោតទស្សន៍ សមាគមវិជ្ជាជីវៈ និងសាធារណជន។
ទន្ទឹមនឹងនេះ លោកសង្កត់ធ្ងន់ថា សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ គឺជាតម្លៃដ៏សំខាន់ក្នុងសង្គមប្រជាធិបតេយ្យ ប៉ុន្តែសេរីភាពទាំងនេះ ត្រូវអនុវត្តនៅក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញ ច្បាប់ ក្រមសីលធម៌ និងការគោរពសិទ្ធិរបស់អ្នកដទៃ។ សេរីភាព និងការទទួលខុសត្រូវ មិនមែនជាគោលការណ៍ផ្ទុយគ្នាទេ។ ផ្ទុយទៅវិញ វាជាគោលការណ៍ដែលត្រូវដើរទន្ទឹមគ្នា។ សេរីភាពកាន់តែទូលំទូលាយ ការទទួលខុសត្រូវក៏ត្រូវកាន់តែខ្ពស់ដែរ៕


















