អ្នកជំនាញសិទ្ធិមនុស្ស UN រំជួលចិត្តជាខ្លាំង នៅពេលលឺពលរដ្ឋភៀសសឹកកម្ពុជា ប្រាប់លោកថា ផ្ទះរបស់ពួកគាត់ត្រូវថៃគ្រប់គ្រង ហើយមិនអាចវិលទៅរស់នៅផ្ទះវិញបាន (Video inside)
31-07-2026 16:14
(ភ្នំពេញ)៖ លោក ថម អេនឌ្រូ អ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ UN បានលើកឡើងថា លោករំជួលចិត្តជាខ្លាំង នៅពេលលឺពលរដ្ឋភៀសសឹកកម្ពុជា ប្រាប់លោកថា ផ្ទះរបស់ពួកគាត់ត្រូវថៃគ្រប់គ្រង ហើយមិនអាចវិលទៅរស់នៅផ្ទះវិញបាន។ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកបានឲ្យដឹងដែរថា តាមច្បាប់អន្តរជាតិ ជនភៀសសឹក គឺអាចត្រឡប់ទៅផ្ទះវិញបាន។
លោក ថម អេនឌ្រូ បានបញ្ជាក់ថា «ខ្ញុំរំជួលចិត្ត ពេលពួកគាត់យំ ពេលនិយាយមកកាន់ខ្ញុំ។ ពួកគាត់មិនអាចទៅផ្ទះវិញ ដោយសារថៃគ្រប់គ្រង។ ពួកគាត់សមនឹងត្រឡប់ទៅផ្ទះវិញ»។
លោក ថម អេនឌ្រូ បានធ្វើដំណើរទៅកាន់បណ្តាខេត្តរបស់កម្ពុជា ជាប់ព្រំដែនថៃ ដើម្បីពិនិត្យមើលដោយផ្ទាល់នូវស្ថានភាព ជនភៀសសឹករបស់កម្ពុជា ដែលបានរងគ្រោះ និងបាត់បង់ផ្ទះសម្បែង ដោយសារ ទង្វើឈ្លានពានរបស់កងទ័ពថៃ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។
សង្គ្រាមឈ្លានពីថៃលើកម្ពុជាពីរលើក នៅឆ្នាំ២០២៥ ពីសំណាក់កងទ័ពថៃ មកលើបូរណភាពទឹកដីកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋជិត១លាននាក់ បង្ខំចិត្តចាកចោលទីជម្រក ដើម្បីសុវត្ថិភាព។ បើទោះបីសំឡេងផ្ទុះអាវុធបានបិទបញ្ចប់ទៅហើយក្តីកាលពីចុងខែធ្នូ ឆ្នាំ២០២៥ តែមានប្រជាពលរដ្ឋកម្ពុជា ជាង៣ពាន់គ្រួសារទៀត មិនទាន់បានត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេនៅឡើយ ដោយសារដី និងផ្ទះសម្បែងរបស់ពួកគេ ត្រូវបានកាន់កាប់ដោយខុសច្បាប់ពីកងទ័ពថៃ៕


