FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេស៉ីម៉ាក់កម្ពុជា៖ ការថ្កោលទោសរបស់ UNISCO ចំពោះអំពើបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ សម្បត្តិបេតិកភណ្ឌពិភពលោក ជាការផ្តល់យុត្តិធម៌ឱ្យកម្ពុជា

31-07-2026 16:13

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNESCO ដែលបានប្រកាសថ្កោលទោស ចំពោះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងជម្លោះប្រដាប់អាវុធ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។

លោកចាត់ទុកការប្រកាសនេះបានផ្តល់ក្តីសង្ឃឹម និងទំនុកចិត្តជាថ្មីដល់ការស្វែងរកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយទាហានសៀមឈ្លានពាន និងរំលោភបំពានច្បាប់អន្តរជាតិ។

លោក ហេង រតនា បានសង្កត់ធ្ងន់ថា ទោះបីជាមានឥទ្ធិពលមហាអំណាចយ៉ាងណាក្តី ច្បាប់អន្តរជាតិនៅតែមានប្រសិទ្ធភាព ប្រសិនបើមនុស្សជាតិនាំគ្នាគោរពអនុវត្តន៍។ ការឈ្លានពានរបស់សៀមមកលើប្រាសាទព្រះវិហារ គឺជាទង្វើដ៏ព្រៃផ្សៃ ដោយទាហានសៀមបានទម្លាក់គ្រាប់បែក MK82 ពីយន្តហោះជាច្រើនគ្រាប់ បាញ់ និងទម្លាក់សារធាតុគីមី បាញ់គ្រាប់បែកចង្កោម និងគ្រាប់កាំភ្លើងធំយ៉ាងសន្ធឹកសន្ធាប់មកលើតំបន់ប្រាសាទ។

លោកថាបន្ថែមថា ផ្អែកលើទិន្នន័យនៃលទ្ធផលស្រាវជ្រាវព័ត៌មាន និងបោសសម្អាតសំណល់គ្រាប់យុទ្ធភណ្ឌសៀមឈ្លានពាននៅតំបន់ប្រាសាទព្រះវិហារ បានបង្ហាញថា គ្រាន់តែលើតួប្រាសាទ និងតំបន់ជាប់ៗតួប្រាសាទ មានរណ្តៅគ្រាប់ផ្ទុះ និងមិនទាន់ផ្ទុះចំនួន ៥០១ កន្លែង។ ហេតុការណ៍នេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតចំនួនជិត ៦០០ ទីតាំង លើតួប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌដ៏វិសេសវិសាលបំផុតរបស់មនុស្សជាតិ៕