អង្គប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៨ មានប្រទេសសមាជិកចូលរួម ១៦២ បានអនុម័តថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងពេលជម្លោះប្រដាប់អាវុធ
30-07-2026 20:14
(ភ្នំពេញ)៖ នៅក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) លើកទី៤៨ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ដោយមានចូលរួមពីប្រទេសជាសមាជិកចំនួន១៦២ រួមទាំងអង្គការអន្តរជាតិ ដៃគូ និងស្ថាប័នសង្កេតការណ៍ អង្គប្រជុំបានអនុម័តជាឯកច្ឆ័ន្ទថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌ ពិភពលោកទាំងឡាយក្នុងពេលជម្លោះប្រដាប់អាវុធ។
សេចក្តីប្រកាសព័ត៍មានរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា តបតាមការអញ្ជើញរបស់អង្គការ UNESCO លោក សួស យ៉ារ៉ា ប្រធានប្រតិភូសន្និសីទ អន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី និងក្រុមប្រឹក្សាវប្បធម៌អាស៊ី (ICAPP-ACC) របស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមថ្លែងក្នុង «សម័យប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក (WHC) លើកទី៤៨» នៅថ្ងៃទី២៦-២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុង ប៊ូសាន សាធារណរដ្ឋកូរ៉េ ដោយមានចូលរួមពីប្រទេសជាសមាជិកចំនួន១៦២ រួមទាំងអង្គការអន្តរជាតិ ដៃគូ និងស្ថាប័នសង្កេតការណ៍។
សម័យប្រជុំបានអនុម័តជាឯកច្ឆ័ន្ទ ថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌ ពិភពលោកទាំងឡាយក្នុងពេលជម្លោះប្រដាប់អាវុធ តាមសេចក្តីសម្រេចចិត្តដែលបានសម្រេចនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដូចមានចែងនៅក្នុងអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្ដីពីកិច្ចការពារ សម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធ និងអនុសញ្ញាទីក្រុងប៉ារីសឆ្នាំ១៩៧០ ស្តីពីវិធានការហាមឃាត់ និងទប់ស្កាត់ការនាំចូល ការនាំចេញ និងការផ្ទេរកម្មសិទ្ធិសម្បត្តិវប្បធម៌ដោយ ខុសច្បាប់ និងការអនុវត្តសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២១៩៩ (២០១៥) ២២៥៣ (២០១៥) និង ២៣៤៧ (២០១៧)។
សម័យប្រជុំក៏បានអំពាវនាវឱ្យរដ្ឋភាគី ដែលកំពុងមានជម្លោះ ធានានូវការការពារសម្បត្តិបេតិកភណ្ឌ និងបញ្ចៀសការប្រើប្រាស់តំបន់បេតិកភណ្ឌ សម្រាប់គោលដៅយោធា។
ថ្លែងក្នុងសម័យប្រជុំក្នុងនាមជាស្ថាប័នដៃគូរបស់អង្គការ UNESCO គណៈប្រតិភូបានគូសបញ្ជាក់ អំពីការបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌពិភពលោកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលតម្រូវឱ្យមាន ការទទួលខុសត្រូវ និងការថ្កោលទោសស្របតាមច្បាប់អន្តរជាតិ។
គណៈប្រតិភូក៏បានលើកឡើងអំពីសារៈសំខាន់នៃការតភ្ជាប់អរិយធម៌ និងតំបន់បេតិកភណ្ឌពិភពលោក តាមរយៈបណ្តាញមិត្តភាពក្រុង បេតិកភណ្ឌ (ancient sister city) ដើម្បីលើកកម្ពស់សន្តិភាព និងការផ្សះផ្សាជម្លោះ ព្រមទាំងបាន ជំរុញឱ្យមានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌។
ដោយឡែកគណៈប្រតិភូថៃបានស្នើសុំឆ្លើយតបភ្លាមៗ ហើយប្រធានសម័យប្រជុំបានអនុញ្ញាត ឱ្យថ្លែងតែ ១នាទីប៉ុណ្ណោះ។ តំណាងគណៈប្រតិភូមិនហ៊ានឆ្លើយតបដោយត្រង់ទៅលើការបំពាន និង ការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌ ដែលបង្កឡើងដោយយោធាថៃកន្លងទៅនោះទេ ប៉ុន្តែបានថ្លែង ការពារខ្លួនថា ប្រទេសថៃផ្ដោតទៅលើការការពារតំបន់ទ្រនាប់ជុំវិញតំបន់ស្នូលបេតិកភណ្ឌទាំងមូល មិនមែនតែតួប្រាសាទមួយផ្នែកទេ ក្នុងន័យទាមទារថា ប្រទេសថៃនៅតែមានចំណែកក្នុងការចូលរួម ការពារបេតិកភណ្ឌពិភពលោក និងបន្តសហការជាមួយប្រទេសផ្សេងៗនៅក្នុងតំបន់៕


