មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ ពិព័រណ៍ Cambodia Expo Series នឹងក្លាយជាវេទិកាដ៏សំខាន់ ក្នុងការភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល វិស័យធុរកិច្ច វិនិយោគិន និងអ្នកនវានុវត្តន៍មកពីកម្ពុជា និងបណ្ដាប្រទេសនានា
29-07-2026 20:50
(ភ្នំពេញ)៖ លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីភាពវិជ្ជមានក្នុងការរៀបចំពិព័រណ៍ Cambodia Expo Series ដែលពិព័រណ៍នេះនឹងក្លាយជាវេទិកាដ៏សំខាន់ ក្នុងការភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល វិស័យធុរកិច្ច វិនិយោគិន និងអ្នកនវានុវត្តន៍មកពីកម្ពុជា និងបណ្ដាប្រទេសនានា។
Cambodia Expo Series 2026 នឹងរៀបចំឡើងចំនួន៣ថ្ងៃចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ និងរៀបចំឡើងដោយក្រុមហ៊ុន Minh Vi Exhibition and Advertisement Services Co., Ltd. (VEAS)។
ថ្លែងក្នុងកម្មវិធីបើកពិព័រណ៍នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ លោក គី ច័ន្ទរំដួល បានថ្លែងឲ្យដឹងថា «ពិព័រណ៍ Cambodia Expo Series បានក្លាយជាវេទិកាដ៏សំខាន់មួយ ដែលភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល វិស័យធុរកិច្ច វិនិយោគិន និងអ្នកនវានុវត្តន៍ (Innovators) មកពីកម្ពុជា និងបណ្ដាប្រទេសនានា។ ការបើកកម្មវិធីនាថ្ងៃនេះ គឺជាការត្រួសត្រាយផ្លូវសម្រាប់ពិព័រណ៍ពាណិជ្ជកម្មសំខាន់ៗ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ»។
លោកបានបន្ថែមថា Cambodia Expo Series 2026 ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែសីហា ខាងមុខនេះ គឺជាវេទិកាដ៏ល្អប្រសើរសម្រាប់បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម ពង្រីកកិច្ចសហប្រតិបត្តិការ និងស្វែងរកទីផ្សារថ្មីៗ ទាំងក្នុងតំបន់អាស៊ាន និងនៅលើឆាកអន្តរជាតិ។
តំណាងក្រុមហ៊ុន VEAS បានថ្លែងឲ្យដឹងថា Cambodia Expo Series 2026 មិនត្រឹមតែជាពិព័រណ៍ពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដ៏សំខាន់ សម្រាប់ការផ្លាស់ប្ដូរចំណេះដឹង ការផ្ទេរបច្ចេកវិទ្យា ការបង្កើតភាពជាដៃគូ និងការពង្រីកឱកាសអាជីវកម្ម ដែលរួមចំណែកលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ច និងការប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់។
តំណាងរូបនេះបានបញ្ជាក់ថា ស៊េរីពិព័រណ៍ Cambodia Expo Series 2026 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ (DIECC) រាជធានីភ្នំពេញ ដោយរំពឹងថានឹងទាក់ទាញអ្នកតាំងពិព័រណ៍ ម៉ាកផលិតផល អ្នកទិញ និងអ្នកជំនាញមកពីប្រទេស និងតំបន់ជាច្រើនជុំវិញពិភពលោក។
Cambodia Expo Series 2026 នឹងក្លាយជាវេទិកាដែលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង របស់វិស័យឧស្សាហកម្មនីមួយៗ ដោយផ្ដល់ឱកាសឱ្យសហគ្រាសក្នុងស្រុក និងអន្តរជាតិ អាចជួបពិភាក្សា បង្កើតភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្ម ប្រកបដោយប្រសិទ្ធភាព៕









