នៅចំពោះមុខអ្នករាយការណ៍ពិសេស UN! សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អះអាងថាកម្ពុជា ស្វាគមន៍កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
29-07-2026 18:50
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនពីសាវតា ពាក់ព័ន្ធប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានគូសបញ្ជាក់ថា បញ្ហានេះជាវិបត្តិសកលដែលរីករាលទូទាំងសកលលោក។ រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការដោះស្រាយ បង្ក្រាប និងបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយទន្ទឹមនឹងប្រតិបត្តិការបោសសម្អាត កម្ពុជាក៏ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះការការពារសុវត្ថិភាព និងសុខុមាលភាពរបស់ពលរដ្ឋកម្ពុជា និងបរទេស។
សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសង្កត់ធ្ងន់ថា ការអនុវត្តនីតិវិធី ពិតជាមានសារៈសំខាន់ក្នុងការធានាជោគជ័យដល់ប្រតិបត្តិការបង្ក្រាប ក៏ប៉ុន្តែកិច្ចការនេះត្រូវដើរទន្ទឹមគ្នានឹងការពិចារណាផ្នែកមនុស្សធម៌ ក្នុងគោលដៅធ្វើយ៉ាងណាបង្ការកុំឱ្យពលរដ្ឋទទួលរងផលប៉ះពាល់ទាំងផ្លូវកាយ និងផ្លូវចិត្ត។
ក្នុងន័យនេះ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា កម្ពុជា ប្រកាន់ខ្ជាប់គោលការណ៍មនុស្សធម៌ ដោយបានផ្តល់ការគាំទ្រនិងជំនួយមនុស្សធម៌ចាំបាច់ ដល់ពលរដ្ឋបរទេសដែលរងគ្រោះដោយសារការល្បួងរបស់មេខ្យល់ ឬត្រូវបានជួញដូរឱ្យមកធ្វើសកម្មភាពឆបោកនៅកម្ពុជា និងបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាស្ថានទូត ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋបរទេសទាំងនោះ ត្រឡប់ទៅប្រទេសកំណើតវិញ។
សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិជាដៃគូនានា ដើម្បីរួមគ្នាបង្ការកុំឱ្យពលរដ្ឋទូទាំងសកលលោក បន្តធ្លាក់ក្នុងអន្ទាក់ និងឧបាយកលរបស់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
ជាការឆ្លើយតប លោក Thomas Andrews គូសបញ្ជាក់ថា លោកបានដឹងច្បាស់ពីការបង្កើត និងភារកិច្ច នៃយន្តការ គ.ប.ឆ.ប. ដែលសបង្ហាញពីសារៈសំខាន់ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់រាជរដ្ឋាភិបាលកម្ពុជា និងបានលើកឡើងពីចំណាប់អារម្មណ៍ ពាក់ព័ន្ធស្ថានភាព និងលទ្ធផលនៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកសង្ឃឹមថា ភាគីទាំងពីរនឹងអាចបន្តពិភាក្សាផ្លាស់ប្តូរយោបល់បន្ថែមទៀតលើបញ្ហានេះ នាពេលខាងមុខ៕




