FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេខ្លោងបណ្តាញអនឡាញស្កេម លោក ចេន ហ្ស៉ី អាចប្រឈមមុខទោសប្រហារជីវិតនៅប្រទេសចិន (Video inside)

28-07-2026 14:51

(ប៉េកាំង)៖ ឧក្រិដ្ឋជន Chen Zhi ដែលជាមេខ្លោងបណ្តាញឆបោកតាមប្រព័ន្ធអ៉ីនធើណិត ឬអនឡាញស្កេម (online scam) អាចនឹងត្រូវទទួលរងការផ្តន្ទាទោសប្រហារជីវិត បន្ទាប់ពីរដ្ឋអាជ្ញានៅប្រទេសចិន បានបន្ថែមបទចោទប្រកាន់ថ្មីមួយទៀតទៅក្នុង​បទចោទប្រកាន់ជាច្រើន ដែលបានធ្វើឡើងប្រឆាំងនឹងរូបលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន South China Morning Post នាថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦។

Chen Zhi ដែលមានអាយុ៣៨ឆ្នាំ ត្រូវបានធ្វើបត្យាប័នពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន កាលពី៦ខែមុន។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទស្សនាវដ្តីធុរកិច្ចចិន Caixin បានរាយការណ៍ថា រដ្ឋអាជ្ញាបានបន្ថែមបទចោទប្រកាន់ថ្មីមួយទៀត គឺបទបង្ករបួសដោយចេតនាប្រឆាំងនឹង Chen Zhi។ ក្រោមច្បាប់ប្រទេសចិន ការបង្ករបួសលើរាងកាយដោយចេតនា និងការបង្កការស្លាប់ ឬរបួសធ្ងន់ធ្ងរ ជាពិសេសតាមរយៈមធ្យោបាយឃោរឃៅ គឺអាចប្រឈមការជាប់ពន្ធនាគារមិនតិចជាង១០ឆ្នាំ ហើយអាចឈានដល់ការប្រហារជីវិតថែមទៀតផង។

គួរបញ្ជាក់ថា ក្រៅពី Chen Zhi ផ្ទាល់ មនុស្សជំនិត២នាក់របស់ឧក្រិដ្ឋជនរូបនេះ គឺឈ្មោះ Liu Ren និង Li Xiong ក៏ត្រូវបានធ្វើបត្យាប័នទៅកាន់ចិនផងដែរ កាលពីខែមេសា និងខែមិថុនា ហើយត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋផ្សេងៗ មានចាប់តាំងពីការឃុំខ្លួនមនុស្សដោយខុសច្បាប់ រហូតដល់ការបង្ករបួសដោយចេតនា៕