លោក គីម ជុងអ៊ុន ប្រារព្ធខួបបទឈប់បាញ់សង្គ្រាមកូរ៉េ ដោយមានកូនស្រីអមដំណើរជាលើកដំបូង
27-07-2026 19:27
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅទីបញ្ចុះសពយុទ្ធជន ដើម្បីប្រារព្ធខួបលើកទី៧៣ នៃបទឈប់បាញ់សង្គ្រាមកូរ៉េ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយមានការចូលរួមពីកូនស្រីរបស់លោកជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រូបភាពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានបង្ហាញពីវត្តមានកុមារី ជូ អេ (Ju Ae) ដើរអមដំណើរលោកឪពុក ឈរនៅចំកណ្តាលក្បួនកិត្តិយស និងសួរសុខទុក្ខអតីតយុទ្ធជន។ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា នេះគឺជាវត្តមានលើកដំបូងបំផុតរបស់ ជូ អេ នៅក្នុងពិធីអបអរខួបបទឈប់បាញ់នេះ។
ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង (NIS) ជឿជាក់ថា កុមារីរូបនេះកំពុងត្រូវបានរៀបចំតំណែងជាអ្នកបន្តវេនពីលោក គីម ជុងអ៊ុន ដោយសារតែនាងតែងតែបង្ហាញមុខជាសាធារណៈជាមួយលោកឪពុកជាញឹកញាប់ រួមទាំងការចូលរួមក្នុងសកម្មភាពយោធាដូចជាការបើករថក្រោះ និងបាញ់កាំភ្លើងជាដើម។
ទន្ទឹមនឹងនេះ នៅក្នុងពិធីខួបសង្គ្រាមឆ្នាំ ១៩៥០-១៩៥៣ នេះ លោក គីម ក៏បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅទីបញ្ចុះសពទាហានស្ម័គ្រចិត្តចិន ពិសេសនៅឯផ្នូររបស់កូនប្រុសលោក ម៉ៅ សេទុង (Mao Zedong) ផងដែរ ដែលជាការបង្ហាញពីការពង្រឹងចំណងមិត្តភាពរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងប៉េកាំងឱ្យកាន់តែរឹងមាំ៕


