មួយឆ្នាំនៃសង្គ្រាមឈ្លានពានយោធាថៃ លើកម្ពុជា! វត្តថ្មដូន ខេត្តឧត្តរមានជ័យ នៅតែបន្សល់ទុកស្លាកស្នាមប្រវត្តិសាស្ត្រនៃការខូចខាត និងឆ្លុះបញ្ចាំងភាពសាហាវយង់ឃ្នងផ្នែកសាសនា
25-07-2026 20:46
(ឧត្តរមានជ័យ)៖ សំណល់នៃការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងវត្តថ្មដូន ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការវាយប្រហារដោយដ្រូន និងការផ្លោងរបស់យោធាថៃ បានបង្កការខូចខាតដល់ទីឋានសក្ការៈព្រះពុទ្ធសាសនា បំផ្លាញព្រះពុទ្ធរូប ដំបូល ព្រមទាំងសម្ភារៈសាសនា និងសំណង់ក្នុងវត្ត។
រូបភាពទាំងនេះនៅតែជាសក្ខីភាពនៃការខូចខាត និងរំឭកពីផលប៉ះពាល់នៃសង្គ្រាមលើបេតិកភណ្ឌសាសនា និងសហគមន៍មូលដ្ឋាន។
ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅតែត្រូវបានរក្សាទុកយ៉ាងខ្ជាប់ខ្ជួនជាភស្តុតាងប្រវត្តិសាស្ត្រដ៏រស់រវើកសម្រាប់កូនចៅជំនាន់ក្រោយ។ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ គឺជាខួបមួយឆ្នាំនៃការចាប់ផ្តើមសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា។
ទីតាំងសក្ការៈបូជានេះបានរងនូវការបំផ្លិចបំផ្លាញយ៉ាងដំណំទៅលើព្រះវិហារ និងព្រះពុទ្ធរូបជាច្រើនអង្គ ដែលផ្តើមចេញពីការឈ្លានពានទឹកដីពីសំណាក់យោធាថៃ ទាំងពីរលើក ក្នុងអំឡុងឆ្នាំ២០២៥។
ដំបូលព្រះវិហារនៃវត្តថ្មដូនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយមានរន្ធធំៗជាច្រើនកន្លែង ខណៈកម្ទេចបេតុង ឥដ្ឋ និងសម្ភារៈសំណង់ផ្សេងៗបានរាយប៉ាយពេញបរិវេណ។ ជាមួយគ្នានេះ ព្រះពុទ្ធរូបមួយចំនួនក៏ត្រូវបានបាក់បែក និងដាច់ព្រះសិរ ដែលបន្សល់ទុកនូវស្លាកស្នាមនៃការបំផ្លិចបំផ្លាញយ៉ាងច្បាស់លាស់។
ទិដ្ឋភាពទាំងនេះបានឆ្លុះបញ្ចាំងពីភាពសាហាវយង់ឃ្នងនៃសង្គ្រាម និងការបាត់បង់ដែលសហគមន៍បានជួបប្រទះ។
សំណល់ទាំងអស់នេះមិនត្រឹមតែជាសាក្សីស្ងៀមស្ងាត់នៃព្រឹត្តិការណ៍ដ៏ជូរចត់ដែលបានកើតឡើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភស្តុតាងដ៏សំខាន់សម្រាប់ឱ្យកូនចៅជំនាន់ក្រោយបានសិក្សា ស្វែងយល់ និងចងចាំអំពីប្រវត្តិសាស្ត្រពិតប្រាកដនៃការខូចខាតដែលបានកើតមាននៅទីតាំងដ៏ពិសិដ្ឋនេះ។ ការរក្សាទុកនូវស្លាកស្នាមទាំងនេះ គឺជាការរំលឹកដល់តម្លៃនៃសន្តិភាព និងការការពារបូរណភាពទឹកដីសម្រាប់ជាតិមាតុភូមិ។
ការវាយប្រហារទៅលើទីតាំងសាសនា និងតំបន់ស៊ីវិល មិនមែនជាឧបទ្ទវហេតុដោយចៃដន្យនោះទេ ប៉ុន្តែជាភស្តុតាងបង្ហាញយ៉ាងច្បាស់ពីលក្ខណៈមិនរើសមុខ ភាពឃោរឃៅ និងគ្រោះថ្នាក់នៃសកម្មភាពប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់យោធាថៃមកលើប្រទេសកម្ពុជា។
គ្រាប់បែកមិនត្រឹមតែបំផ្លាញអគារ ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញទីសក្ការៈ វាយប្រហារលើជំនឿសាសនា និងបង្កការភ័យខ្លាចយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស្លូតត្រង់ផងដែរ។
វិនាសកម្មនៅវត្តថ្មដូន គឺជាស្នាមរបួសមួយក្នុងប្រវត្តិសាស្ត្រ និងជាភស្តុតាងដែលមិនអាចលុបបំបាត់បានថា ការប្រើប្រាស់យន្តហោះចម្បាំង និងអាវុធធុនធ្ងន់លើទឹកដីកម្ពុជា បានឆ្លុះបញ្ចាំងពីចេតនាឈ្លានពាន ការរំលោភអធិបតេយ្យភាព និងការមិនគោរពច្បាប់អន្តរជាតិ៕















