អង្គការ AHF កម្ពុជា និងបណ្តាញអង្គការដៃគូរួមគ្នាអំពាវនាវឱ្យប្រទេសអ្នកមាន ធ្វើកំណែទម្រង់បន្ធូរបន្ថយបំណុលសកល ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍
24-07-2026 16:12
(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ដែលជាអង្គការថែទាំសុខភាពធំជាងគេបំផុតរបស់ពិភពលោក ដែលមានមូលដ្ឋាននៅប្រទេសចំនួន៥០ រួមទាំងសហរដ្ឋអាមេរិក និងនៅអាហ្វ្រិក អាមេរិកឡាទីន/ការ៉ាប៊ីន តំបន់អាស៊ី/ប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត និងមាននៅក្នុងប្រទេសកម្ពុជាផងដែរ បានរួមគ្នាអំពាវនាវឱ្យប្រទេសមហាអំណាចនិងជាម្ចាស់បំណុល គួរមានកំណែទម្រង់ជាបន្ទាន់ចំពោះប្រព័ន្ធបំណុលសកល ដោយហេតុអន្ទាក់បំណុលកំពុងបង្ខំឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ចំណាយប្រាក់ច្រើនលើការសងប្រាក់កម្ចីជាជាងការថែទាំសុខភាព និងការអប់រំ ដែលធ្វើឱ្យខូចសមត្ថភាពរបស់ពួកគេជាមូលដ្ឋានក្នុងការបំពេញតម្រូវការសាធារណៈ។
តាមរយៈយុទ្ធនាការសកលស្តីពី «សេរីភាពពីបំណុល» ដែលអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា និងបណ្តាញអង្គការដៃគូជាច្រើននៅកម្ពុជា បានរៀបចំឡើងនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងទៀតទៀតថា ទៅពេលខាងមុខ AHF បានប្រកាសថា ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិបច្ចុប្បន្នបាន និងកំពុងបង្វែរធនធានសម្រាប់ទ្រទ្រង់មន្ទីរពេទ្យ សាលារៀន និងសេវាកម្មសំខាន់ៗផ្សេងទៀត ដែលធ្វើឱ្យមនុស្សរាប់ពាន់លាននាក់ងាយរងគ្រោះទោះបីជាមានតម្រូវការអភិវឌ្ឍន៍កើនឡើងក៏ដោយ។
AHF កម្ពុជា បានអំពាវនាវនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ភាពអយុត្តិធម៌ពីការជាប់បំណុលទាមទារប្រព័ន្ធសកលដែល ផ្តល់អាទិភាពដល់ប្រជាជនជាជាងប្រាក់ចំណេញ» ដោយអះអាងថាប្រទេសនានាមិនគួរមានការពិចារណាពីការជ្រើសរើសរវាងការសងបំណុលដល់ម្ចាស់បំណុល និងការការពារសុខភាពសាធារណៈនោះទេ។ អង្គការ AHF ក៏បានលើកឡើងពីតួលេខសកលដែលបង្ហាញថាមនុស្ស ៣.៤ពាន់លាននាក់ឥឡូវនេះ រស់នៅក្នុងប្រទេសដែលរដ្ឋាភិបាលចំណាយប្រាក់ច្រើនជាងលើការសងបំណុលជាងការថែទាំសុខភាព ឬការអប់រំ។ ទាំងនេះបានបញ្ជាក់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនបង់ថ្លៃអត្រាការប្រាក់កម្ចីខ្ពស់ជាងប្រទេសអ្នកមានពីរទៅ ១០ដង ដែលនាំមានការកាត់បន្ថយការវិនិយោគលើប្រព័ន្ធសុខភាព ការអប់រំ និងការឆ្លើយតបទៅនឹងបំរែបម្រួលអាកាសធាតុ។
នៅក្នុងយុទ្ធនាការសកលនេះ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីរបស់ AHF បានបញ្ជាក់ឱ្យដឹងថា ការថែទាំសុខភាពមិនគួរក្លាយជាជនរងគ្រោះនៃការជាប់អន្ទាក់នៃបំណុលឡើយ។ នៅពេលដែលរដ្ឋាភិបាលត្រូវបានបង្ខំឱ្យចំណាយប្រាក់ច្រើនលើការសងប្រាក់កម្ចីជាងការចំណាយលើមន្ទីរពេទ្យ ការបង្ការជំងឺ និងការអប់រំ វាគឺធ្វើឱ្យប្រជាជនសាមញ្ញត្រូវចំណាយថ្លៃខ្ពស់បំផុត។ យើងត្រូវការប្រព័ន្ធហិរញ្ញវត្ថុសកលដ៏យុត្តិធម៌ជាងមុន ដែលដាក់សុខភាពនិងសុខុមាលភាពរបស់ប្រជាជនជាចំបង។ AHF បានអះអាងថាវិបត្តិបំណុលរដ្ឋត្រូវបានជំរុញដោយច្បាប់ហិរញ្ញវត្ថុសកលមានភាពមិនស្មើគ្នា រចនាសម្ព័ន្ធសេដ្ឋកិច្ច ប្រវត្តិសាស្ត្រ និងការគ្រប់គ្រង របស់អ្នកផ្តល់ប្រាក់កម្ចីពហុភាគី និងម្ចាស់បំណុលឯកជន ដែលធ្វើឱ្យប្រទេសក្រីក្រមិនមានអំណាចចរចាបានទូលំទូលាយ។
លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសរបស់ AHF កម្ពុជា បានបញ្ជាក់ដែរថា បេសកកម្មរបស់ AHF លើសពីការព្យាបាលមេរោគអេដស៍។ ប្រព័ន្ធសុខាភិបាលរឹងមាំ និងប្រកបដោយចីរភាព តម្រូវឱ្យមានការវិនិយោគសាធារណៈគ្រប់គ្រាន់ ហើយវាក្លាយជាមិនអាចទៅរួចនៅពេលដែលប្រទេសនានាជាប់គាំងដែលមិនអាចទ្រទ្រង់បានដោយសារជាប់បំណុល។ តាមរយៈយុទ្ធនាការ «សេរីភាពពីបំណុល» Freedom from Debt យើងកំពុងអំពាវនាវឱ្យមានកំណែទម្រង់ ដែលនឹងអនុញ្ញាតឱ្យប្រទេសកំពុងអភិវឌ្ឍន៍វិនិយោគលើការថែទាំសុខភាព និងកសាងសហគមន៍ដែលមានសុខភាពល្អជាងមុន។
តាមរយៈយុទ្ធនាការសកលនេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការដែលធំជាងគេបំផុតរបស់ពិភពលោក កំពុងជំរុញឱ្យមេដឹកនាំពិភពលោកអនុម័តកំណែទម្រង់សំខាន់ៗចំនួនបី រួមមាន៖
ទី១៖ គាំទ្រការអនុវត្តវេទិកាអ្នកជាប់បំណុលដែលជាវេទិកាអន្តរជាតិមួយដែលបានស្នើឡើងក្នុងអំឡុងពេលសន្និសីទអន្តរជាតិលើកទីបួន ស្តីពីហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនៅទីក្រុង Seville និងគាំទ្រដោយប្រទេស G20 នៅអាហ្វ្រិកខាងត្បូង។ AHF បាននិយាយថា វេទិកាបែបនេះនឹងពង្រឹងអំណាចចរចារបស់ប្រទេសកំពុងអភិវឌ្ឍន៍រួមគ្នា ជាជាងបង្ខំពួកគេឱ្យមានការចរចាជាលក្ខណៈបុគ្គលដោយផ្ទាល់ជាមួយម្ចាស់បំណុល ដែល AHF ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ។
ទី២៖ AHF បានអំពាវនាវឱ្យមានការផ្អាកការសងបំណុលជាស្វ័យប្រវត្តិ និងដោយគ្មានការប្រាក់នៅពេលណាដែលប្រទេសនានាប្រឈមមុខនឹងគ្រាអាសន្នសុខភាពសាធារណៈធំៗ ឬគ្រោះមហន្តរាយទាក់ទងនឹងគ្រោះធម្មជាតិ អាកាសធាតុ។ ទាំងនេះក៏បានអំពាវនាវដល់រដ្ឋាភិបាលគួរតែអាចបង្វែរធនធានហិរញ្ញវត្ថុភ្លាមៗឆ្ពោះទៅរកការឆ្លើយតបក្នុងគ្រាអាសន្នជំនួសឱ្យការបន្តសងបំណុលក្នុងអំឡុងពេលមានវិបត្តិ។
ទី៣៖ យុទ្ធនាការនេះក៏ស្នើសូមឱ្យណែនាំការយកពន្ធលើបញ្ញាសិប្បនិម្មិត (AI) សកល ១% លើការវិនិយោគដើមទុន និងប្រាក់ចំណូលរបស់ក្រុមហ៊ុន AI ដែលកំពុងឈានមុខគេ ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការបន្ធូរបន្ថយបំណុល ខណៈពេលដែលគាំទ្រដល់ការថែទាំសុខភាព ការអប់រំ និងសេវាសាធារណៈសំខាន់ៗផ្សេងទៀតនៅក្នុងប្រទេសដែលមានចំណូលទាប៕













