កុមារភៀសសឹក ចង់វិលត្រឡប់ទៅសាលារៀនវិញ បើទោះបីជាភៀសសឹករយៈពេល១ឆ្នាំ ដែលបង្កឡើងដោយសកម្មភាពឈ្លានពានរបស់យោធាថៃ
23-07-2026 19:20
(ព្រះវិហារ)៖ សកម្មភាពឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា បានបន្សល់ទុកនូវវិនាសកម្មយ៉ាងធ្ងន់ធ្ងរ រួមទាំងការបំផ្លិចបំផ្លាញសាលារៀន និងផ្ទះសម្បែង ដែលបង្ខំឱ្យប្រជាពលរដ្ឋជាច្រើន រួមទាំងកុមារផង ក្លាយជាជនភៀសសឹក។
ទោះបីជាយ៉ាងណាក៏ដោយ កុមារភៀសសឹកទាំងនេះបានបង្ហាញនូវស្មារតីរឹងមាំ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តការសិក្សា ដើម្បីអនាគតរបស់ពួកគេ និងការអភិវឌ្ឍជាតិ។
ក្នុងឱកាសផ្តល់បទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន កុមារី យ៉ាន ស្រីរ័ត្ន ជាកូនសិស្សភៀសសឹកមកពីតំបន់អានសេះ កំពុងបន្តរៀនថ្នាក់ទី៥ បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា ពេលកូនសិស្សកំពុងរៀននៅក្នុងសាលាស្រាប់តែលឺស្នូលកាំភ្លើងធំបាញ់ផ្លោងធ្លាក់មកជិតសាលា ធ្វើឱ្យកូនសិស្សភ័យរត់ចេញពីសាលាទាំងតក់ក្រហល់ និងភ័យខ្លាច។
កុមារីភៀសសឹកដែលកំពុងរស់នៅជម្រកបណ្តោះអាសន្ន នៃមណ្ឌលភៀសសឹកភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បានសម្តែងការឈឺចាប់ចំពោះសកម្មភាពបង្កសង្គ្រាមដោយយោធាថៃ។ ក្នុងវ័យកុមារភាពកុមារី យ៉ាន ស្រីរ័ត្ន បានបញ្ជាក់ថា៖ «ខ្ញុំមិនចង់ឃើញសង្គ្រាមនោះទេ»។
ការវិលត្រឡប់ទៅសាលារៀនវិញ គឺជាក្តីស្រមៃដ៏ធំធេងរបស់កុមារភៀសសឹក។ ពួកគេយល់ដឹងយ៉ាងច្បាស់ថា ការអប់រំគឺជាគន្លឹះដ៏សំខាន់ក្នុងការផ្លាស់ប្តូរជីវិតរបស់ពួកគេ និងជួយឱ្យពួកគេក្លាយជាពលរដ្ឋដែលមានសមត្ថភាព និងអាចចូលរួមចំណែកក្នុងការកសាងសង្គមជាតិឡើងវិញនៅពេលអនាគត។ ការគាំទ្រពីសហគមន៍អន្តរជាតិ និងរដ្ឋាភិបាលពាក់ព័ន្ធ គឺមានសារៈសំខាន់ណាស់ក្នុងការសម្រេចក្តីស្រមៃនេះ ដើម្បីធានាថាកុមារភៀសសឹកទាំងអស់អាចទទួលបាននូវឱកាសអប់រំប្រកបដោយគុណភាព។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ គឺជាខួបមួយឆ្នាំគត់នៃការចាប់ផ្តើមសកម្មភាពប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ហេតុការណ៍ដ៏សោកសៅនេះបានចាប់ផ្តើមពីតំបន់ប្រាសាទតាមាន់ធំ មុននឹងរាលដាលទៅកាន់តំបន់មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានបន្សល់ទុកនូវការបាត់បង់ជីវិត ការរងរបួស ការបែកបាក់គ្រួសារ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស្លូតត្រង់។ ព្រឹត្តិការណ៍នេះបានឆ្លាក់ជាការចងចាំដ៏ឈឺចាប់មួយនៅក្នុងប្រវត្តិសាស្ត្រសហសម័យរបស់កម្ពុជា។
មួយឆ្នាំបានកន្លងផុតទៅ ប៉ុន្តែភាពឈឺចាប់ និងការបាត់បង់ដែលបានកើតឡើងនៅតែស្ថិតក្នុងការចងចាំរបស់ប្រជាជាតិជានិច្ច។ ការចងចាំនេះបានក្លាយជាកម្លាំងជំរុញដ៏សំខាន់មួយសម្រាប់ប្រជាជនកម្ពុជាក្នុងការបន្តពង្រឹងឯកភាពជាតិ មហាសាមគ្គីភាព និងការត្រៀមខ្លួនគ្រប់កាលៈទេសៈ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីពីការរំលោភបំពាននានា។
រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនទាំងអស់បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការថែរក្សាសន្តិភាព និងស្ថិរភាព ដើម្បីធានាថាព្រឹត្តិការណ៍ដ៏ឈឺចាប់បែបនេះនឹងមិនកើតឡើងសារជាថ្មីទៀតឡើយ៕













