រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី ដើម្បីការពារបូរណភាពទឹកដី
23-07-2026 15:38
(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និងរាប់បាត្រព្រះសង្ឃចំនួន ១០៨អង្គ ដើម្បីឧទ្ទិសកុសលជូនដល់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីជីវិតក្នុងសមរភូមិមុខ ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោក ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ការរៀបចំនេះធ្វើឡើងក្នុងឱកាសរំឭកខួបមួយឆ្នាំនៃការឈ្លានពានពីសំណាក់យោធាថៃមកលើកម្ពុជា ដែលជាពេលវេលាដ៏សំខាន់ក្នុងការសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរជនដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិតដើម្បីជាតិមាតុភូមិ។
ពលិកម្មដ៏ឧត្តុង្គឧត្តមរបស់វីរជនទាំងនោះ គឺជាគំរូនៃភាពក្លាហាន ស្មោះត្រង់ និងស្មារតីស្នេហាជាតិ ដែលបានក្លាយជាមរតកប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាសម្រាប់ប្រជាជនខ្មែរគ្រប់ជំនាន់។ ឈាម និងការលះបង់របស់ពួកគាត់ គឺជាគ្រឹះដ៏រឹងមាំនៃសុខសន្តិភាព ស្ថិរភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលកម្ពុជាកំពុងទទួលបាននាពេលបច្ចុប្បន្ន។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្តបានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ បន្តថែរក្សាស្មារតីស្នេហាជាតិ ពង្រឹងសាមគ្គីភាពជាតិ និងរួមគ្នាការពារសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើនប្រកបដោយចីរភាព។ ពិធីនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការចងចាំមិនភ្លេចរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តឧត្តរមានជ័យ ចំពោះគុណបំណាច់ដ៏ធំធេងរបស់វីរជនដែលបានបូជាជីវិតដើម្បីជាតិ៕




































