FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធវីរកងទ័ព និងនគរបាលជាតិ ដើម្បីរំឭកគុណូបការៈដ៏ថ្លៃថ្លា

23-07-2026 13:42

(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និងរាប់បាត្រឧទ្ទិសកុសលជូនវីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីជីវិតក្នុងសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី។

ពិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោក ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យ និង លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ការរៀបចំពិធីនេះ មិនត្រឹមតែជាការរំឭកខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការចងចាំមិនភ្លេចនូវពលិកម្មដ៏ធំធេងរបស់វីរជនកងទ័ព និងនគរបាលជាតិ។

ការលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិតរបស់ពួកគាត់ក្នុងសមរភូមិមុខ គឺជាមរតកស្មារតីដ៏ពិសិដ្ឋដែលកូនខ្មែរគ្រប់រូបត្រូវចងចាំ និងរក្សាទុកក្នុងក្រអៅបេះដូងជាអមតៈ។ ឈាម និងញើសរបស់វីរជនទាំងអស់នោះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាការពារសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើង។

ពិធីនេះបានបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពរបស់ពួកគាត់ ដែលបានលះបង់ដើម្បីជាតិមាតុភូមិ និងប្រជាជន៕