FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍បន្ទាន់សង្គ្រោះស្រូវវស្សាជាង ១,៦៥០ហិកតា ដែលរងផលប៉ះពាល់ដោយសារកូនរដូវប្រាំង និងបាតុភូតអែលនីញ៉ូ (El Niño)

21-07-2026 09:48

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានចុះអន្តរាគមន៍ផ្ទាល់ក្នុងការតម្លើងម៉ាស៊ីនបូមទឹកចល័តកម្លាំង៦៥សេះ ចំនួន២គ្រឿង ដើម្បីជួយសង្គ្រោះស្រូវវស្សារបស់ប្រជាកសិករ ស្ថិតនៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ឃុំវាល និងឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ លើផ្ទៃដីប្រមាណ ១,៦៥០ហិកតា ដែលកំពុងរងគ្រោះដោយសារកូនរដូវប្រាំង។

ក្នុងឱកាសចុះអន្តរាគមន៍នោះ លោក ខូយ រីដា បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឱ្យបន្តត្រួតពិនិត្យ តាមដានការប្រែប្រួលអាកាសធាតុ និងសភាពការណ៍ផលប៉ះពាល់ស្រូវវស្សារបស់ប្រជាកសិករជាប្រចាំ ដើម្បីទប់ស្កាត់ និងរកដំណោះស្រាយបានទាន់ពេលវេលា។ ជាមួយគ្នានោះ លោកបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញសហការគ្នាគ្រប់គ្រង និងបែងចែកទឹកប្រកបដោយសមធម៍ តម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅធានាឱ្យបងប្អូនកសិករមានទឹកស្រោចស្រពគ្រប់គ្រាន់ និងត្រូវត្រៀមបម្រុងកម្លាំងគ្រប់មធ្យោបាយ ដើម្បីចុះអន្តរាគមន៍សង្គ្រោះជាបន្ទាន់ ដល់តំបន់ដែលជួបប្រទះការខ្វះខាតទឹកខ្លាំង និងនៅឆ្ងាយពីប្រភពទឹក។

គួរជម្រាបជូនថា ដោយសារការកើតឡើងនូវបាតុភូត អែលនីញ៉ូ (El Niño) បានធ្វើឱ្យអាកាសធាតុក្តៅខ្លាំង និងខ្សត់ទឹកភ្លៀងស្ទើរទូទាំងប្រទេស។ សម្រាប់ភូមិសាស្ត្រខេត្តពោធិ៍សាត់ ទោះបីដើមរដូវវស្សាមានភ្លៀងធ្លាក់ ប៉ុន្តែភាគច្រើនធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ចំណែកឯតំបន់ទំនាបកណ្តាលមានភ្លៀងធ្លាក់តិចតួច ដែលបណ្តាលឱ្យផ្ទៃដីស្រូវវស្សាឆ្នាំ២០២៦ រងផលប៉ះពាល់ខ្វះទឹកស្រោចស្រព។

គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ការងារបង្កបង្កើនផល សម្រេចបានចំនួន ១៣៦,៨៨៥ហិកតា ស្មើនឹង១០០.៦៥% នៃផែនការ ១៣៦,០០០ហិកតា។ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២៦មក ខេត្តពោធិ៍សាត់រងឥទ្ធិពលកូនរដូវប្រាំងធ្វើឱ្យខ្វះទឹកស្រោចស្រពលើផ្ទៃដីសរុប ១៩,៣២១ហិកតា ក្នុងស្រុកបាកាន និងស្រុកកណ្តៀង។

មន្ទីរធនធានទឹក បានប្រើប្រាស់ទឹកអន្តរាគមន៍ ចេញពីអាងទំនប់ទី៣ នៅសល់ទឹក ៦.៥លានម៉ែត្រគូប (៣៥%) នឹងត្រូវបិទថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦, អាងទំនប់ទី៥ នៅសល់ទឹក ២២.០០លានម៉ែត្រគូប (៨៥%) នឹងត្រូវបិទនៅកម្ពស់ ៥.០០ម៉ែត្រ ព្រមទាំងបន្តអន្តរាគមន៍ ទៅទីតាំងដែលប្រឈមខ្លាំង និងជួយបន្ថែមដល់ស្ទឹងពោធិ៍សាត់។

យោងតាមការព្យាករណ៍ និងទិន្នន័យឧតុនិយមបច្ចុប្បន្ន មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានជូនដំណឹងដល់សាធារណជនថា ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឥទ្ធិពលបាតុភូត El Niño នឹងធ្វើឱ្យខ្យល់មូសុងនិរតីថយចុះ ដែលធ្វើឱ្យបរិមាណទឹកភ្លៀងក្នុងខេត្តថមថយទាបជាងកម្រិតមធ្យមច្រើនឆ្នាំ និងអាចប្រឈមគ្រោះរាំងស្ងួតពីកម្រិតស្រាលទៅខ្លាំង។

ដើម្បីកាត់បន្ថយផលប៉ះពាល់ មន្ទីរធ្វើការអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមផែនការគ្រប់គ្រង និងបែងចែកទឹកឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ ចំពោះបងប្អូនប្រជាកសិករ គួររៀបចំផែនការប្រើប្រាស់ទឹកដោយសន្សំសំចៃ ជ្រើសរើសពូជដំណាំដែលប្រើប្រាស់ទឹកតិច ឬពន្យារពេលដាំដុះនៅតំបន់គ្មានប្រភពទឹកគ្រប់គ្រាន់។ ដោយឡែកសាធារណជនទូទៅ ត្រូវប្រើប្រាស់ទឹកប្រចាំថ្ងៃដោយស្មារតីសន្សំសំចៃ និងតាមដានសេចក្តីជូនដំណឹងផ្លូវការពីមន្ទីរធនធានទឹក និងឧតុនិយមជាប្រចាំ៕