FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា (Video inside)

20-07-2026 17:32

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ ដែលដឹកនាំដោយលោក KIM Chang Yong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងសម្របសម្រួលដោយ សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM) និង WorldBridge Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ឯកអគ្គរដ្ឋទូតកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កូរ៉េ-កម្ពុជា ដែលបានឈានដល់កម្រិត «ដៃគូយុទ្ធសាស្ត្រ»។ ជាមួយគ្នានេះ គណៈប្រតិភូវិនិយោគិនកូរ៉េសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។
គណៈប្រតិភូវិនិយោគិនកូរ៉េ បាន​បញ្ជាក់ថា​ គណៈប្រតិភូនេះ​ មានតំណាងក្រុមហ៊ុនចំនួន ១៥ មកពីវិស័យគន្លឹះៗដូចជា៖ យានយន្ត, អេឡិចត្រូនិក, វាយនភណ្ឌ, ការចែកចាយ និងម្ហូបអាហារ, ហិរញ្ញវត្ថុ និងធនាគារ, សំណង់, ព្រមទាំងការកម្សាន្ត និងវប្បធម៌។

ដំណើរទស្សនកិច្ចធុរកិច្ចនាពេលនេះ គឺដើម្បីរួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាង កូរ៉េ-កម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ​ និងមានគោលបំណងស្វែងយល់ពីស្ថានភាពទីផ្សារនៅកម្ពុជា ដើម្បីកំណត់ទិសដៅពង្រីកអាជីវកម្មបន្ថែម​ ក៏ដូចជា​ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនកូរ៉េថ្មីៗផ្សេងទៀត ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងចំណោមក្រុមហ៊ុនទាំង១៥, មានក្រុមហ៊ុនចំនួន ៧ កំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និង ៦ក្រុមហ៊ុនទៀត កំពុងវិនិយោគនៅប្រទេសវៀតណាម ដែលមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកាន់កម្ពុជា។

គណៈប្រតិភូ​វិនិយោគិនកូរ៉េ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងសកម្មដល់ក្រុមហ៊ុនកូរ៉េ ដើម្បីទទួលបាននូវការរីកចម្រើន និងជោគជ័យនៅកម្ពុជា ព្រមទាំងបានប្ដេជ្ញាចិត្តក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូវិនិយោគិនកូរ៉េ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ KOCHAM​ និង WorldBridge Group​ ក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ។

សម្តេចធិបតីបានបញ្ជាក់ថា នៅឆ្នាំក្រោយ​ ជាខួប​លើកទី៣០​ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ​ រវាងប្រទេសទាំងពីរ។ ក្នុងរយៈពេលជិត ៣ទសវត្សរ៍នៃការបង្កេីតទំនាក់ទំនងការទូត​កម្ពុជា-សាធារណរដ្ឋ​កូរ៉េនេះ,​ ទំនាក់ទំនងទ្វេភាគី​ នៃប្រទេសទាំងពីរ​ មានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។​ ទន្ទឹមនឹងនេះក្រុមហ៊ុនកូរ៉េក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ក្នុងន័យនេះ សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់បណ្ដាក្រុមហ៊ុនកូរ៉េក្នុងការស្វែងរកឱកាសពង្រីក​ការវិនិយោគ ក៏ដូចជាការស្វែងរកឱកាសការវិនិយោគថ្មីៗទៀត​ លើវិស័យសក្កានុពលជាច្រើនទៀតនៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានា​របស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត​ដល់វិនិយោគិន​,​ ការកែទម្រង់​ស្ថាប័ន​,​ ការធ្វើសាមញ្ញកម្មនីតិវិធីនានាព្រមទាំងការផ្តល់ការអនុគ្រោះពន្ធជាដើម។

បន្ថែមលើនេះ សម្តេច​ធិបតី​ក៏បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាលបាននិងកំពុងប្តេជ្ញាចិត្តយ៉ាងមុតមាំ និងខិតខំក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវដែក ព្រមទាំងការបន្តអភិវឌ្ឍន៍វិស័យថាមពល​ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្មនិងការដឹកជញ្ជូន សំដៅធានាឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងតំបន់​ និងអន្តរជាតិ។

ជាទីបញ្ចប់ សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តរក្សាបរិយាកាសវិនិយោគនៅកម្ពុជា​ ប្រកបដោយភាព​អំណោយផលខ្ពស់ និងលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុនកូរ៉េ បន្តសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសជាក់ស្តែងក្នុងការពង្រីកការវិនិយោគ​ ក៏ដូចជាការវិនិយោគថ្មីៗនៅកម្ពុជា៕