FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិសន្តិបណ្ឌិត ស សុខា ប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមសិស្សនគរបាល-ពន្ធនាគារ ទទួលជ័យលាភីជាង ១,៧០០នាក់

20-07-2026 16:07

(កណ្ដាល)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម សិស្សនគរបាល-ពន្ធនាគារជ័យលាភី ចំនួន១៥វគ្គ ស្មើនឹង ១ ៧១០នាក់ នារី១៩៩នាក់។ ពិធីនេះបានធ្វើឡើងនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាល កម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៍និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្តុះបណ្តាលទាំង១៥វគ្គ ដែលបានបញ្ចប់ការបណ្តុះបណ្តាលនៅបណ្ឌិត្យសភា ចំនួន៧វគ្គ មានជ័យលាភី ៥៣៨នាក់ នារី៤៣នាក់, សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ចំនួន២វគ្គ មានជ័យលាភី ១៨៩នាក់ នារី០នាក់, សាលានគរបាលជាតិភូមិភាគ ចំនួន៦វគ្គ មានជ័យលាភី ៩៨៣នាក់ នារី ១៧៦នាក់។

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានបញ្ជាក់ថា ដោយអនុវត្តស្របតាមផែនការយុទ្ធសាស្ត្រ របស់ក្រសួងមហាផ្ទៃ ក្នុងក្របខ័ណ្ឌនៃប្រតិបត្តិករផ្ទាល់ នៅឆមាសទី១ឆ្នាំនេះ បណ្ឌិត្យសភាបាននិងកំពុងអនុវត្ត ការងារយ៉ាងសកម្មនូវតួនាទីនិងភារកិច្ចស្នូល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ អភិសន្តិបណ្ឌិត ស សុខា និងការណែនាំផ្ទាល់ពីលោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការទទួលបន្ទុកបណ្ឌិតសភាបាននឹងកំពុងអនុវត្ត, ផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ផែនការប្រែក្លាយជាបណ្ឌិត្យសភាឌីជីថល, ការបន្តផែនការស្រាវជ្រាវ និងពិសោធន៍៥ឆ្នាំ, ផែនការសកម្មភាពអភិវឌ្ឍធនធានគ្រូនគរបាល, ស្តង់ដាគ្រឹះនៃមន្ត្រីឌីជីថល នៅបណ្ឌិត្យសភា។ ក្នុងនោះការអភិវឌ្ឍសមត្ថភាពលើការប្រឆាំងបទល្មើសបច្ចេកវិទ្យាថ្មីៗ ការបើកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា និងវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈរូបវន្តគាំទ្រនានា ព្រមទាំងការខិតខំស្រាវជ្រាវផលិតសៀវភៅគោលជាបន្តបន្ទាប់។

អភិសន្តិបណ្ឌិត ស សុខា បានគាំទ្រ​ និងកោតសរសើរចំពោះសមិទ្ធផលថ្មីៗដែលបណ្ឌិត្យសភាសម្រេចបាន និងកំពុងអភិវឌ្ឍបន្តបន្ទាប់ ដូចការលើកឡើងក្នុងរបាយការណ៍សង្ខេបរបស់នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន។

ទន្ទឹមនោះ អភិសន្តិបណ្ឌិត បានបញ្ជាក់បន្ថែមថា នាពេលដ៏ខ្លីខាង មុខនេះនឹងមានការសាងសង់មន្ទីរពិសោធន៍វិទ្យាសាស្ត្រកោសល្យវិច័យ ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋ កូរ៉េ តាមរយៈទីភ្នាក់ងារ KOICA ក្នុងទឹកប្រាក់​ ១៣.៥០លានដុល្លារអាម៉េរិក សម្រាប់ប្រើប្រាស់រួមគ្នារវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងអគ្គស្នងការនគរបាលជាតិ។

អភិសន្តិបណ្ឌិត ស សុខា បានបន្តថា ជាក់ស្តែង ក្រសួងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើភេរវកម្ម,​ ការប្រយុទ្ធប្រឆាំងនឹងហិរញ្ញប្បទានភេរវកម្ម,​​​ ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ,​ សកម្មភាពវិច្ឆេទកម្ម និងវិទ្ធង្សនា, ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន, ការជួញដូរមនុស្សគ្រប់ទម្រង់, ល្បែងស៊ីសងខុសច្បាប់ និងការទប់ស្កាត់សកម្មភាពក្មេងទំនើង ព្រមទាំងដាក់ចេញវិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពជឿជាក់ពីប្រជាពលរដ្ឋ។ ពិសេសក្នុងការអនុវត្តបទបញ្ជា និងការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រសួងបានដាក់ចេញនូវវិធានការទាំងត្រជាក់ និងក្តៅ ដើម្បីបើកយុទ្ធនាការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលកំពុងគំរាមកំហែងសង្គមជាតិទាំងមូលនាពេលបច្ចុប្បន្ន។

អភិសន្តិបណ្ឌិត ស សុខា ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំបណ្ឌិត្យសភា ប្រធាននិងនាយកអង្គភាពគ្រប់ លំដាប់ថ្នាក់ ដែលបានចាត់ចែងដំណើរការវគ្គទាំង១៥នេះបានល្អប្រសើរ ដែលសុទ្ធតែជាវគ្គមានសារៈសំខាន់ ឆ្លើយតបទៅនឹងតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំង និងស្ថានការណ៍សន្តិសុខសង្គម នាពេលបច្ចុប្បន្ន និងសូមចូលរួមអបអរសាទរដល់ជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សា ហ្វឹកហាត់ និងគោរពវិន័យបានល្អរហូតទទួលបានជោគជ័យ និងបានទទួលវិញ្ញាបនបត្រនាពេលនេះ។

អភិសន្តិបណ្ឌិត ស សុខា​ បានផ្តល់មតិផ្តាំផ្ញើមួយចំនួនដល់សិក្ខាកាមជ័យលាភីត្រូវយកចំណេះដឹង និងជំនាញដែលទទួលបានពីការបណ្តុះបណ្តាលនេះទៅប្រើប្រាស់ឱ្យមានប្រយោជន៍ និងមានប្រសិទ្ធភាដល់អង្គ ភាពក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ,​​​ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ គោរពប្រតិបត្តិច្បាប់ គោរពសិទ្ធិមនុស្ស គោរពវិន័យការងារ គោរពតាមការចាត់តាំងរបស់ថ្នាក់លើ និងមានភាពស្មោះត្រង់ ព្រមទាំងធ្វើឱ្យថ្នាក់ដឹកនាំមានការពេញចិត្តលើសមត្ថភាពការងាររបស់ខ្លួន។

អភិសន្តិបណ្ឌិត ស សុខា បានផ្តល់កិត្តិយសបំពាក់ឋានន្តរស័ក្តិ និងប្រគល់វិញ្ញាបនបត្រដល់ជ័យ លាភីជានិមិត្តរូបចំនួន ៣២នាក់ និងអញ្ជើញប្រគល់ដាវជ័យលាភីកិត្តិយសដល់សិស្សជ័យលាភីជានិមិត្តរូបចំនួន៦នាក់៕