FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខការទូតកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅទីក្រុងម៉ានីល

20-07-2026 15:28

(ហ្វីលីពីន)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក Ferdinand R. Marcos, Jr., ប្រធានាធិបតីហ្វីលីពីន ដែលបានរៀបចំកិច្ចប្រជុំត្រីភាគីកម្ពុជា-ថៃ-ហ្វីលីពីនកាលពីខែឧសភាកន្លងទៅ នៅកោះសេប៊ូ ក្នុងន័យស្វែងរកដំណោះស្រាយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ។

លោកឧបនាយករដ្ឋមន្ត្រី ព្រមទាំងបានអបអរសាទរដល់ប្រទេសហ្វីលីពីន ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងខែកក្កដានេះ។ ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ៕