FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គការ AHF បើកយុទ្ធនាការផ្សព្វផ្សាយពីសេវាកម្មថែទាំសុខភាពអ្នកជំងឺអេដស៍ដោយឥតគិតថ្លៃ របស់គ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ Wellness Center នៅខណ្ឌទួលគោក

19-07-2026 12:52

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា ( AHF) ដោយមានកិច្ចសហការជាដៃគូជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍​​​​ សើស្បែក​ និងកាមរោគ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានបើកយុទ្ធនាការផ្សព្វផ្សាយ ពីសេវាកម្មថែទាំសុខភាពអ្នកជំងឺអេដស៍ដោយឥតគិតថ្លៃ របស់គ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ Wellness Center⁨ ដែលមានទីតាំងនៅផ្ទះលេខ6 ផ្លូវលេខ 604 សង្កាត់បឹងកក់ ខណ្ឌទួកគោក ដែលមានសេវាកម្មរួមមាន៖ ការធ្វើតេស្តសម្ងាត់៖ ការធ្វើតេស្តមេរោគអេដស៍ និងជំងឺស្វាយរហ័ស, ការគ្រប់គ្រងជំងឺកាមរោគ៖ ការពិនិត្យ និងការព្យាបាលសម្រាប់ជំងឺកាមរោគទូទៅ, ការបង្ការ និងការអប់រំ៖ ស្រោមអនាម័យឥតគិតថ្លៃ ការប្រឹក្សាផ្លូវភេទដែលមានសុវត្ថិភាព និងការគាំទ្រជាបន្តបន្ទាប់។⁩

ខណៈដែលយុវជនប្រឈមមុខនឹងការឆ្លងជំងឺកាមរោគ និងមេរោគអេដស៍ កំពុងមានការកើនឡើងដែលជាក្តីកង្វល់ដ៏ធំមួយរបស់របស់ប្រជាពលរដ្ឋ ក៏ដូចជារដ្ឋាភិបាល, គ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ Wellness Center របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ កំពុងរង់ចាំជួយសម្រួល និងផ្តល់សេវាប្រកបដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព រក្សាការសម្ងាត់ និង​ទាន់ពេលវេលា​ ដើម្បីទប់ស្កាត់ការរីករាលដាល និងកើនឡើងនៃជំងឺកាមរោគ មេរោគអេដស៍ដែលប៉ះពាល់ដល់សុខភាពឯកជន និងសារធារណៈ។

បើតាមលោកវេជ្ជបណ្ឌិត ចន ផាន់ណា​ ប្រធានកម្មវិធីប្រចាំប្រទេស​អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានឱ្យដឹងថា សម្រាប់គ្លីនិកនេះ មានផ្តល់សេវាកម្មដូចជា៖ ថែទាំ និងព្យាបាលជំងឺកាមរោគគ្រប់ប្រភេទ, សេវាប្រឹក្សា និងតេស្តរកមេរោគអេសដ៍ , ផ្តល់ថ្នាំបង្ការជាមុនពេលប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេសដ៍, ផ្តល់ថ្នាំបង្ការក្រោយប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេសដ៍, និងមានផ្តល់ស្រោមអនាម័យ។ រាល់សេវាទាំងអស់គ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ Wellness Center គឺមិនមានការគិតថ្លៃនោះឡើយ ជាមួយគុណភាពខ្ពស់​ វេជ្ជបណ្ឌិតជំនាញ នឹងការរក្សាការសម្ងាត់ជូនដល់អតិថិជន ដែលបានមកទទួលសេវាផងដែរ។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនវ័យក្មេងដែលកំពុងបារម្ភ សូមមកទទួលសេវានៅគ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ Wellness Center ដើម្បីការពារខ្លួន ពីការឆ្លងមេរោគអេសដ៍ និងជំងឺអេសដ៍ និងជំងឺកាមរោគ សេវាលឿន និងងាយស្រួល ហើយយើងធ្វើការជារៀងរាល់ថ្ងៃពីម៉ោង ៨​ព្រឹក ដល់៥​ល្ងាច។

សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ៣លាននាក់ក្នុង​៥០ប្រទេស ជុំវិញពិភពលោក នៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប និងជាពិសេស​នៅកម្ពុជា​​អង្គការសហការជាមួយរាជរដ្ឋាភិបាល​បាន​​​និងកំពុង អនុវត្តិការងារនៅតាម​កន្លែង សេវាមេរោគអេដស៍ចំនួន ៤២កន្លែង នៃ ៧១កន្លែងផ្តល់ឱសថប្រឆាំងមេរោគអេដស៍ ក្នុងខេត្តក្រុងចំនួន១៩ ទូទាំងប្រទេសកម្ពុជា។ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាផ្តល់ការធ្វើតេស្តរកមេរោគអេដស៍ និងស្រោមអនាម័យដោយឥតគិតថ្លៃ នៅតាមគ្លីនិក ផ្តល់ឱសថប្រឆាំងមេរោគអេដស៍ និងក្នុងសហគមន៍ផងដែរ៕