កិច្ចសម្ភាសពីប្រទេសចិន! កម្ពុជាគ្រោងស្នើសុំចុះប្រាសាទបន្ទាយឆ្មារ ក្នុងបញ្ជីអង្គការយូណេស្កូ (Video inside)
18-07-2026 12:27
(កានស៊ូ)៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងស្នើសុំចុះប្រាសាទបន្ទាយឆ្មារ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ នៅពេលខាងមុខនេះ។
នេះជាការបញ្ជាក់របស់លោក អ៉ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា ក្នុងឱកាសទស្សនកិច្ច នៅក្រុងតុនហ័ង ខេត្តកានស៊ូ ដើម្បីចូលរួមកិច្ចសន្ទនាស្តីពី «បេតិកភណ្ឌវប្បធម៌អាស៊ាននិងចិន» តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលបោះពុម្ពផ្សាយអន្តរជាតិចិន (China International Publishing Center – CIPC)។
ក្នុងនាមតំណាងកម្ពុជា លោកត្រូវបានអញ្ជើញថ្លែងបទបង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលធ្វីន (Digital Twins) ដែលកំពុងប្រើប្រាស់សម្រាប់អភិរក្ស និងអភិវឌ្ឍ នៅប្រាសាទបន្ទាយឆ្មារ។
លោក អ៉ឹម សុខរិទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា កំពុងតែរៀបចំស្នើសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ សម្រាប់ប្រាសាទបន្ទាយឆ្មារ។ ប្រការនេះតម្រូវឱ្យយើងបង្ហាញយ៉ាងច្បាស់នូវតម្លៃពិសេសរបស់ទីតាំងនេះ លើសពីអង្គរ និងបង្កើតប្រព័ន្ធអភិរក្ស និងគ្រប់គ្រងទីតាំងប្រកបដោយភាពច្នៃប្រឌិត និងរឹងមាំ»។
ក្នុងឱកាសផ្តល់បទសម្ភាសផ្តាច់មុខដល់បណ្តាញព័ត៌មាន Fresh News លោក អ៉ឹម សុខរិទ្ធី បានឲ្យដឹងថា ប្រាសាទបន្ទាយឆ្មារ កំពុងត្រូវបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលធ្វីន (Digital Twins) ដែលជាបញ្ញាសិប្បនិមិ្មត (AI) សម្រាប់អភិរក្ស និងអភិវឌ្ឍ ដែលវាអាចជួយថតទីតាំងប្រាសាទដល់កម្រិតមីល្លីម៉ែត្រ និងប្រមូលទិន្នន័យត្រឹមតែប៉ុន្មាននាទី ខណៈបើពិនិត្យនឹងភ្នែកត្រូវចំណាយពេលដល់ទៅរាប់ថ្ងៃឯណោះ។
លោកបានបន្តថា មិនត្រឹមតែពន្លឿនឲ្យការថតប្រាសាទ និងយកទិន្នន័យ ក្នុងគោលដៅមិនត្រឹមតែចងក្រងឯកសារ និងថែរក្សាឯកសារនោះទេ តែគេអាចប្រើប្រាស់សម្រាប់បណ្តុះបណ្តាល ហើយថ្ងៃក្រោយអាចយកទៅផលិតជាកុន ឯកសារនានា និងល្បែង (Games) បានទៀតផង។
ប្រាសាទបន្ទាយឆ្មារ មានទីតាំងស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ។ ប្រាសាទបន្ទាយឆ្មារ កសាងដោយព្រះបាទជ័យវម៌្មទេវ ទី៧ ដើម្បីឧទ្ទិសដល់ព្រះរាជបុត្ររបស់ព្រះអង្គព្រះនាម រាជកុមារ និងមេទ័ពខ្មែរចំនួន ៤នាក់ទៀត ដែលបានពលីជីវិតក្នុងសមរភូមិសង្គ្រាមជាមួយកងទ័ពចាម្ប៉ាឈ្លានពាន កាលពីចុងសតវត្សទី១២ ដល់ដើមសតវត្សទី១៣។ ប្រាសាទបន្ទាយឆ្មារ សាងសង់តាមរចនាប័ទ្មបាយ័ន ដែលកំពូលប្រាសាទមានរូបព្រហ្មមុខបួន៕


