FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិចារណកថា៖​ ការបង្រៀនកូនចៅរបស់យើងអំពីខ្លឹមសារពិតនៃធម្មជាតិ

18-07-2026 11:50

(ភ្នំពេញ)៖ មានពាក្យស្លោកចាស់បុរាណមួយពោលថា ប្រសិនបើយើងប្រាថ្នាចង់កំណត់អនាគត យើងត្រូវតែកែប្រែបេះដូងកូនចៅរបស់យើងជាមុនសិន។ ក្នុងចំណោមមេរៀនទាំងអស់ដែលយើងអាចបង្រៀនពួកគេ ប្រហែលជាគ្មានមេរៀនណាដែលស្ថិតស្ថេរយូរអង្វែង ជាងការជួយពួកគេឱ្យយល់ពីខ្លឹមសារពិតនៃធម្មជាតិនោះឡើយ។

ធម្មជាតិមិនមែនត្រឹមតែជាព្រៃឈើដែលយើងទៅកម្សាន្ត ទន្លេដែលយើងឆ្លងកាត់ ឬភ្នំដែលយើងទស្សនាពីចម្ងាយនោះទេ។ ធម្មជាតិ គឺជាគ្រឹះដ៏ពិតប្រាកដនៃជីវិត។ ធម្មជាតិ គឺជាខ្យល់អាកាសដែលបំពេញសួតរបស់យើង គឺជាទឹកដែលទ្រទ្រង់គ្រប់សត្វលោក គឺជាដីដែលផ្តល់ជីជាតិដល់អាហាររបស់យើង និងជាពន្លឺព្រះអាទិត្យដែលផ្តល់ថាមពលដល់ពិភពលោក។ មុនពេលមានទីក្រុង ផ្លូវថ្នល់ ឬបច្ចេកវិទ្យា គឺមានធម្មជាតិកើតមុន ហើយទោះបីជាយើងមានការរីកចម្រើនខ្លាំងយ៉ាងណាក៏ដោយ ក៏អនាគតរបស់យើងនៅតែពឹងផ្អែកលើធម្មជាតិដដែល។

ទោះជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះ កុមារជាច្រើនកំពុងតែធំដឹងក្តីឡើងដោយដាច់ដោយឡែកពីការពិតដ៏សាមញ្ញមួយនេះ។ ពួកគេស្គាល់ឈ្មោះកម្មវិធីឌីជីថល ងាយស្រួលជាងការស្គាល់ឈ្មោះដើមឈើនៅក្នុងស្រុកទៅទៀត។ ពួកគេចំណាយពេលសំឡឹងមើលកញ្ចក់ទូរស័ព្ទ ច្រើនជាងការមើលពពកអណ្តែតកាត់មេឃ ឬស្តាប់សំឡេងបក្សីយំស្វាគមន៍ពេលព្រលឹម។ ខណៈពេលដែលសង្គមមានការរីកចម្រើន ទំនាក់ទំនងរបស់យើងជាមួយធម្មជាតិមិនត្រូវទុកចោលពីក្រោយនោះឡើយ។

ការបង្រៀនកុមារអំពីខ្លឹមសារពិតនៃធម្មជាតិ មិនមែនគ្រាន់តែជាការបង្រៀនពួកគេឱ្យស្គាល់រុក្ខជាតិ សត្វ ឬប្រព័ន្ធអេកូឡូស៊ីនោះទេ ប៉ុន្តែគឺជាការជួយពួកគេឱ្យយល់ពីទំនាក់ទំនងរវាងមនុស្សជាតិ និងពិភពធម្មជាតិ ជាការបង្រៀនពួកគេថា រាល់ដង្ហើមដែលពួកគេដកចេញចូល គឺបានមកពីព្រៃឈើ រាល់អាហារនីមួយៗពេល ចាប់ផ្តើមចេញពីដីដែលមានសុខភាពល្អ និងរាល់ទឹកស្អាតនីមួយៗដំណក់ គឺពឹងផ្អែកលើតំបន់ផ្ទៃរងទឹកភ្លៀងដែលត្រូវបានការពារ។

ធម្មជាតិក៏បង្រៀនពីគុណតម្លៃជាច្រើន ដែលគ្មានសៀវភៅពុម្ពណាមួយអាចពន្យល់បានពេញលេញនោះឡើយ។ គ្រាប់ពូជបង្រៀនពីជំនឿចិត្ត។ ទោះបីជាលាក់ខ្លួននៅក្រោមដី វាដុះលូតលាស់ដោយមិនបាច់មានការទះដៃអបអរសាទរឡើយ ដោយវាជឿជាក់ថាពន្លឺនឹងស្វែងរកវាឃើញនៅថ្ងៃណាមួយ។

ដើមឈើបង្រៀនពីសេចក្តីសប្បុរស។ ដើមឈើផ្តល់ផ្លែផ្កាដល់អ្នកស្រេកឃ្លាន ផ្តល់ម្លប់ដល់អ្នកនឿយហត់ និងផ្តល់ជម្រកដល់សត្វលោកជាច្រើនប្រភេទ ដោយមិនដែលសួររកទាល់តែសោះថា តើអ្នកណាខ្លះដែលសមនឹងទទួលបានអំណោយរបស់វា។​

ទន្លេបង្រៀនពីភាពអត់ធ្មត់ និងការព្យាយាម។ ទោះបីជាមានដុំថ្មធំៗឈរពាំងមុខផ្លូវក៏ដោយ វាមិនដែលបោះបង់ចោលការធ្វើដំណើរឆ្ពោះទៅរកសមុទ្រនោះឡើយ។

ព្រៃឈបង្រៀនពីសហគមន៍ និងសាមគ្គីភាព។ សត្វនិងរុក្ខជាតិរាប់ពាន់ប្រភេទរស់នៅជាមួយគ្នាយ៉ាងមានតុល្យភាព ដែលនេះសរឱ្យឃើញថា ភាពចម្រុះមិនមែនជាចំណុចខ្សោយនោះទេ ប៉ុន្តែវាគឺជាប្រភពនៃកម្លាំង។

ការផ្លាស់ប្តូររដូវកាលបង្រៀនពីក្តីសង្ឃឹម។ បន្ទាប់ពីគ្រោះរាំងស្ងួត ទឹកភ្លៀងតែងតែធ្លាក់មកវិញ។ បន្ទាប់ពីស្លឹកឈើជ្រុះ ជីវិតថ្មីតែងតែដុះលូតលាស់ឡើងវិញ។ ធម្មជាតិរំលឹកយើងថា ការចាប់ផ្តើមថ្មីតែងតែអាចកើតមានឡើង។

នៅពេលដែលកុមារយល់ពីមេរៀនទាំងនេះ ពួកគេនឹងចាប់ផ្តើមមើលឃើញខ្លួនឯងក្នុងទម្រង់ថ្មីមួយ។ ពួកគេលែងចាត់ទុកធម្មជាតិជាអ្វីមួយដែលនៅខាងក្រៅខ្លួនទៀតហើយ។ ពួកគេដឹងច្បាស់ថាពួកគេ គឺជាចំណែកមួយនៃធម្មជាតិ។ សុខភាពរបស់ភពផែនដី និងសុខភាពរបស់មនុស្សជាតិ គឺមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។

ការយល់ដឹងនេះ កែប្រែឥរិយាបថប្រចាំថ្ងៃបានល្អជាងការប្រើប្រាស់ត្រឹមតែច្បាប់ទម្លាប់។ កុមារដែលយល់ច្បាស់ពីតម្លៃនៃទឹកស្អាត នឹងមិនខ្ជះខ្ជាយទឹកឡើយ។ កុមារដែលដឹងគុណចំពោះតួនាទីរបស់ព្រៃឈើ នឹងមិនកាប់បំផ្លាញវាឡើយ។ កុមារដែលរៀនចេះគោរពគ្រប់សត្វលោក នឹងធំដឹងក្តីឡើងក្លាយជាមនុស្សធំដែលចេះការពារជីវិតគ្រប់ទម្រង់។

នេះគឺជាមូលហេតុដែលគ្រប់ក្រុមគ្រួសារ សាលារៀន និងសហគមន៍ សុទ្ធតែមានការទទួលខុសត្រូវរួមគ្នា។ មាតាបិតាអាចណែនាំកូនៗឱ្យស្គាល់ធម្មជាតិ តាមរយៈបទពិសោធន៍ដ៏សាមញ្ញ៖ ការដាំដើមឈើ ការដាំបន្លែ ការមើលសត្វមេអំបៅ ការដើរកម្សាន្តក្នុងព្រៃឈើ ឬការទស្សនាសម្រស់ដ៏ស្ងប់ស្ងាត់នៃថ្ងៃរះ និងថ្ងៃរៀបលិច។ ខណៈពេលទាំងនេះ ជារឿយៗក្លាយជាមេរៀនជីវិតដ៏មានន័យបំផុត។

សាលារៀនអាចកែប្រែការអប់រំបរិស្ថានពីទ្រឹស្តីឱ្យទៅជាបទពិសោធន៍ជាក់ស្តែង។ សួនច្បារសាលារៀននីមួយៗ សកម្មភាពដាំដើមឈើនីមួយៗ ការទៅកម្សាន្តនៅតាមតំបន់ការពារធម្មជាតិនីមួយៗ និងរាល់មេរៀននៅក្រោមម្លប់ឈើ សុទ្ធតែជួយឱ្យកុមារបានជួបប្រទះនូវថ្នាក់រៀនមានជីវិតដែលផ្តល់ដោយធម្មជាតិ។

សហគមន៍អាចបង្កើតសួនច្បារ លំហបៃតង និងសកម្មភាពអភិរក្ស ដែលកុមារអាចរៀនសូត្រមិនត្រឹមតែការកម្សាន្តជាមួយធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺចេះថែរក្សាវាថែមទៀតផង។ នៅពេលដែលសហគមន៍ទាំងមូលឱ្យតម្លៃលើធម្មជាតិ កូនៗនឹងទទួលយកគុណតម្លៃទាំងនោះដោយស្វ័យប្រវត្តិ។
បញ្ហាប្រឈមដែលពិភពលោកកំពុងជួបប្រទះនៅថ្ងៃនេះ ការប្រែប្រួលអាកាសធាតុ ការបំពុល ការបាត់បង់ជីវៈចម្រុះ និងការកង្វះខាតទឹក មិនអាចដោះស្រាយបានដោយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាតែមួយមុខនោះឡើយ។ វាក៏ទាមទារនូវប្រាជ្ញាស្មារតី សេចក្តីអាណិតអាសូរ និងការទទួលខុសត្រូវផងដែរ។ គុណសម្បត្តិទាំងនេះ មិនមែនបណ្តុះបានតែនៅក្នុងថ្នាក់រៀននោះទេ ប៉ុន្តែគឺតាមរយៈទំនាក់ទំនងពេញមួយជីវិតជាមួយធម្មជាតិ។

មរតកបរិស្ថានដ៏អស្ចារ្យបំផុតដែលយើងអាចបន្សល់ទុក មិនមែនមានត្រឹមតែដើមឈរាប់លានដើមដែលបានដាំ ឬផ្ទៃដីព្រៃឈើរាប់ពាន់ហិកតាដែលត្រូវបានការពារនោះឡើយ ប៉ុន្តែវាគឺជាមនុស្សជំនាន់ថ្មី ដែលមានស្មារតីយល់ដឹងច្បាស់ថា ការការពារធម្មជាតិ មានន័យថាជាការការពារខ្លួនឯង ការពារក្រុមគ្រួសារ ការពារប្រជាជាតិ និងការពារមនុស្សជំនាន់ក្រោយៗទៀត។

ខ្លឹមសារពិតនៃធម្មជាតិ ចុងក្រោយបង្អស់ គឺជារឿងរ៉ាវនៃជីវិតផ្ទាល់តែម្តង។​ វាបង្រៀនយើងថា អ្វីៗគ្រប់យ៉ាងសុទ្ធតែមានការផ្សារភ្ជាប់គ្នា។ ទន្លេពឹងផ្អែកលើព្រៃឈើ។ ព្រៃឈើពឹងផ្អែកលើដីមានជីជាតិ។ សត្វព្រៃពឹងផ្អែកលើជម្រកដ៏ស្អាត។ ហើយមនុស្សជាតិពឹងផ្អែកលើអ្វីៗទាំងអស់នេះ។
នៅពេលដែលផ្នែកណាមួយរងគ្រោះ ប្រព័ន្ធទាំងមូលនឹងត្រូវទន់ខ្សោយ។

នៅពេលដែលផ្នែកណាមួយរីកចម្រើន គ្រប់ជីវិតទាំងអស់នឹងទទួលបានផលប្រយោជន៍។ ដូចនេះ ចូរយើងបង្រៀនកូនចៅរបស់យើងមិនត្រឹមតែឱ្យកោតសរសើរធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺឱ្យចេះយល់ពីធម្មជាតិ មិនត្រឹមតែឱ្យចេះប្រើប្រាស់អំណោយផលរបស់ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺឱ្យចេះការពារធម្មជាតិ និងមិនត្រឹមតែរស់នៅលើភពផែនដីប៉ុណ្ណោះទេ ប៉ុន្តែគឺរស់នៅប្រកបដោយសុខដុមរមនាជាមួយធម្មជាតិ។

អនាគតនៃប្រទេសជាតិរបស់យើង មិនមែនកំណត់ត្រឹមតែចំណេះដឹងដែលកូនចៅរបស់យើងមាននោះឡើយ ប៉ុន្តែនឹងត្រូវបានកំណត់ដោយប្រាជ្ញាស្មារតីដែលពួកគេផ្ទុកនៅក្នុងបេះដូងរបស់ពួកគេ ហើយប្រហែលជាការយល់ដឹងដ៏ល្អបំផុត គឺការដឹងច្បាស់ថា ធម្មជាតិមិនមែនជាអ្វីដែលយើងទទួលបានជាមរតកពីអតីតកាលនោះទេ។ ប៉ុន្តែធម្មជាតិគឺជាអ្វីដែលយើងត្រូវបានគេទុកចិត្តឱ្យចូលរួមថែរក្សាសម្រាប់ថ្ងៃអនាគត។

នៅពេលដែលយើងបង្រៀនកូនចៅរបស់យើងអំពីខ្លឹមសារពិតនៃធម្មជាតិ យើងកំពុងធ្វើសកម្មភាពលើសពីការអប់រំមនុស្សជំនាន់មួយ គឺយើងកំពុងរួមគ្នាបណ្តុះវប្បធម៌រស់នៅមួយ ដែលយល់ច្បាស់ពីការពិតដ៏ជ្រាលជ្រៅថា ការថែរក្សាធម្មជាតិ គឺជាការថែរក្សាជីវិតខ្លួនឯង៕