FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នៅសាធារណរដ្ឋប្រជាមានិតចិន

18-07-2026 11:44

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន។

តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ និងចូលរួមក្នុងពិធី បើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ និងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត សកលក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតត្រចះត្រចង់» នៅប្រទេសចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជួបសម្តែងការគួរសមចំពោះលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងបានពិភាក្សាការងារស៊ីជម្រៅជាមួយ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ ក្នុងជំនួបទាំងពីរខាងលើ ថ្នាក់ដឹកនាំចិនបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងគណៈប្រតិភូក្នុងនាមជាមិត្តដែកថែប។

សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ និងរដ្ឋាភិបាលចិន ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះព្រះរាជសុខភាពរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងទទួលការស្វាគមន៍យ៉ាងកក់ក្តៅ និង ស្និទ្ធស្នាលចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសទស្សនកិច្ច មិត្តភាពផ្លូវការ កាលពីខែមិថុនាកន្លងទៅ ក៏ដូចជាចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា។

លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលដំណើរទស្សនកិច្ចការងាររបស់សម្ដេចបវរធិបតីថា ទស្សនកិច្ចការងារនេះគូសបញ្ជាក់អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជានិងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕