FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ នៅខេត្តចំនួន២ជាប់បឹងទន្លេសាប

18-07-2026 11:14

(កំពង់ធំ)៖ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចប្រឡាយតាពេជ្រ ព្រែកស្តេចក្មេង កោះទន្លាក្រាស់ ព្រំប្រទល់ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ច នៃអគ្គនាយកដ្ឋានជលផល លោកនាយរងអធិការដ្ឋានរដ្ឋបាលខាងត្បូងបឹងទន្លេសាប លោកនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងកងរាជអាវុធហត្ថស្រុកក្រគរ ខេត្តពោធិ៍សាត់ផងដែរ។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ ជាលទ្ធផលសម្រេចបានចំនួន ២ករណី រួមមាន៖ ករណីទី១៖ រឹបអូស និងរុះរើបំផ្លាញចោលនូវរបាំងស្បៃមុងចំនួន ៣ខ្សែ ប្រវែង ២៧០ម៉ែត្រ លូស្បៃមុងចំនួន ៣មាត់ និងបង្គោលចំនួន ៥២ដើម។ ករណីទី២៖ បង្ក្រាបរបាំងឡុកណរ៉ាវលើសប្រវែងកំណត់ ដោយក្នុងនោះរួមមាន របាំងសាច់អួនចំនួន ៩ខ្សែ ប្រវែង ៥៧០ម៉ែត្រ លូកងសាច់អួនចំនួន ៩គ្រឿង បង្គោលចំនួន ១៥៥ដើម ព្រមទាំងបានចាក់លែងកូនត្រីចម្រុះចំនួន ២៥គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ។

មុននឹងបញ្ចប់បេសកកម្ម លោក ប៉ែន ផល្លីកា បានសម្តែងការថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុមការងារចម្រុះទាំងអស់ ដែលជានិច្ចកាលតែងតែខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសជលផលបានយ៉ាងសកម្ម «ដូចភ្លៀងរលឹម» ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលបានចុះល្បាតជាប្រចាំជារៀងរហូតមក៕