FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន Legendary Entertainment គ្រោងបើកដំណើរការគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើម​ឆ្នាំ២០២៧

18-07-2026 09:49

(ភ្នំពេញ)៖ ក្រុមហ៊ុន Legendary Entertainment របស់ចិន គ្រោងបើក​ដំណើរ​ការគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅលើ​ទឹកដីខេត្តសៀមរាប នៅចុង​ឆ្នាំ​២០២៦ ឬដើម​ឆ្នាំ២០២៧ខាងមុខ​នេះ។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅ​ចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាត​ឱ្យលោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Legendary Entertainment and Culture Group Ltd., និងសហការី ចូលជួប​សម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ លោកស្រីនាយិកាប្រតិបត្តិ បានជម្រាបសម្តេចមហាបវរធិបតី​ថា ក្រុមហ៊ុន Legendary Entertainment and Culture Group Ltd., ជាវេទិកាសមាហរណកម្មទេសចរណ៍ និងកម្សាន្តឈានមុខគេមួយលើ​ការ​អភិ​វឌ្ឍ, ការគ្រប់គ្រង និងការប្រតិបត្តិការទ្រព្យសកម្មវប្បធម៌កម្រិតខ្ពស់, ការ​សម្តែង​ទស្សនីយភាពផ្ទាល់ ព្រមទាំងការកម្សាន្តបែបទំនើប (Immersive Attraction) នៅទូទាំងតំបន់អាស៊ី។ បច្ចុប្បន្ន ក្រុមហ៊ុនមានអាជីវកម្ម​ស្នូល​ចំនួន ៣ រួមមាន៖ ១) ប្រតិបត្តិការសួនកម្សាន្ត និងការសម្តែងទស្សនីយ​ភាព​ផ្ទាល់​នៅទូទាំងតំបន់អាស៊ី ក្រោមក្របខ័ណ្ឌដៃគូសហការជាមួយក្រុមហ៊ុន​សួន​កម្សាន្តបារាំង Puy du Fou, ២) ប្រតិបត្តិការសារមន្ទីរលំដាប់ 3D បែបប​ច្ចេក​វិទ្យាទំនើប (Tech-enabled immersive 3D museums), និង៣) ការដំណើរការអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈ និងសេវាកម្មបដិសណ្ឋា​រកិច្ច (F&B and Hospitality) ។

លោកស្រីនាយិកា ក៏បានជម្រាបសម្ដេចមហាបវរធិបតី អំពីវឌ្ឍនភាព​នៃ​គម្រោង «Immersive Angkor» នៅក្នុងខេត្តសៀមរាប ដែលជាគម្រោង​ទាក់​ទាញទេសចរដ៏លេចធ្លោ និងជាអត្តសញ្ញាណរបស់ក្រុមហ៊ុន (compa​ny’s flagship) នៅកម្ពុជា។ គម្រោងនេះនឹងត្រូវបង្កើតឡើង​ជាសារមន្ទីរ 3D បែបបច្ចេកវិទ្យាទំនើបដំបូងគេបង្អស់នៅកម្ពុជា ដែលឆ្លុះបញ្ចាំងពី​មរតកវប្ប​ធម៌​ខ្មែរ ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ​២០២៧ ខាងមុខនេះ។

លោកស្រីនាយិកាប្រតិបត្តិ ក៏បានបង្ហាញអំពីផែនការអាជីវកម្មរបស់ក្រុមហ៊ុន​ក្នុង​ការវិនិយោគលើគម្រោងថ្មីៗបន្ថែមទៀតនៅកម្ពុជា ដើម្បីចូលរួមចំណែក​លើកកម្ពស់វិស័យទេសចរណ៍, ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមក​ទស្ស​នា​កម្ពុជា ក៏ដូចជាការផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែប​របស់​កម្ពុជា​ទៅកាន់អន្តរជាតិ។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែល​បានសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងបានកោតសរសើរចំពោះ​ការ​ចូល​រួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យទេស​ចរណ៍ ក៏ដូចជាការផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់​កម្ពុជា។ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា ជាមួយការដាក់ចេញនូវ​យន្ត​ការ​ផ្សព្វផ្សាយពីវប្បធម៌ និងអរិយធម៌កម្ពុជា​ ទៅកាន់ពិភពលោក, រាជរដ្ឋា​ភិបាលបានប្រគល់ភារកិច្ចជូនក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌​និងវិចិត្រ​សិល្បៈ បង្កើតសកម្មភាពកម្សាន្តចម្រុះបន្ថែម ដូចជាការទស្សនាតំបន់​ប្រាង្គ​​ប្រាសាទ និងការរៀបចំសកម្មភាពទេសចរណ៍នាពេលរាត្រីជាដើម ដើម្បី​ទាក់​ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនឡើង​។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុន​បន្តស្វែង​រកកាលានុវត្តភាពក្នុងការវិនិយោគបន្ថែមទៀត ដោយបន្តផ្សារភ្ជាប់​ទំនាក់​ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បីធានា​បាននូវភាពរលូន និងជោគជ័យក្នុងការវិនិយោគនៅកម្ពុជា៕