FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន បង្ហាញចំណាប់​អារម្មណ៍​ស្វែងរកឱកាស​វិនិយោគលើការផ្គត់ផ្គង់សេវាអ៊ីនធើណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធ​ផ្កាយ​រណបនៅកម្ពុជា

18-07-2026 09:36

(ភ្នំពេញ)៖ ក្រុមហ៊ុន Shanghai Spacesail Technologies Co., Ltd. ដែលជាក្រុម​ហ៊ុនទូរគម​នា​គមន៍​ផ្កាយរណបពាណិជ្ជកម្មខ្នាតយក្ស​របស់​ប្រទេស​​ចិន បានបង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគលើការផ្គត់​ផ្គង់សេវាអ៊ីនធើណេត និងសេវាទំនាក់ទំនងតាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅ​ចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាត​ឱ្យ​លោកបណ្ឌិត Jason Jie Zheng ប្រធាន និងជាសមាជិកក្រុមប្រឹក្សា​ភិបាលក្រុមហ៊ុន Shanghai Spacesail Technologies Co., Ltd. ចូល​ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន បានជម្រាបសម្តេចមហាបវរធិបតី អំពី​ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកផ្តល់សេវា​ទំនាក់​ទំនងតាមប្រព័ន្ធផ្កាយរណប (Satellite Communications) ដែលផ្ដោតលើការអភិវឌ្ឍ និងប្រតិបត្តិការ​គម្រោងបណ្តាញផ្កាយរណបគន្លងតារាវិថីទាប Qianfan («Thousand Sails» Low Earth Orbit - LEO Broadband Constellation)។ គម្រោង Qianfan នេះ គឺជាគំនិតផ្តួចផ្តើមផ្នែកពាណិជ្ជកម្មដ៏ធំមួយនៅទីអវ​កា​សរបស់ប្រទេសចិន ដែលមានគោលដៅផ្តល់សេវាអ៊ីនធឺណិត និងទំនាក់​ទំនងល្បឿនលឿនគ្របដណ្តប់ទូទាំងសកលលោក។

លោកប្រធានក្រុមហ៊ុនបានបន្ថែមថា ដោយមើលឃើញពីការ​អភិវឌ្ឍយ៉ាង​ឆាប់​រហ័សរបស់កម្ពុជា ក្រុមហ៊ុនពិតជាមានចំណាប់អារម្មណ៍ក្នុងការស្វែងរក​ឱកាស​វិនិយោគលើការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងទំនាក់ទំនងតាម​ប្រព័ន្ធ​ផ្កាយ​រណបនៅកម្ពុជា។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះគោល​បំណង​របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសបណ្ដាក់ទុនវិនិយោគ​នៅក្នុង​ទីផ្សារកម្ពុជា។ សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា ការផ្តល់សេវាអ៊ីន​ធើ​ណិត និងទំនាក់ទំនងប្រកបដោយគុណភាពខ្ពស់ ជាអាទិភាពចម្បងរបស់​កម្ពុជា ខណៈបច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងផ្តោតលើការពង្រឹងហេដ្ឋារចនា​សម្ព័ន្ធ​ទូរគមនាគមន៍ដែលមានស្រាប់ និងជំរុញការទាក់ទាញវិនិយោគបន្ថែម​លើ​វិស័យនេះ។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា បច្ចុប្បន្នក្រសួងប្រៃ​សណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំកសាងក្របខ័ណ្ឌគតិយុត្ត ដើម្បីគ្រប់​គ្រងសេវាអ៊ីនធឺណិត និងទំនាក់ទំនង​ តាមប្រព័ន្ធផ្កាយរណប។ នៅពេលដែល​ក្រប​ខ័ណ្ឌគតិយុត្តនេះ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ, អាទិភាពរបស់រាជរដ្ឋា​ភិបាល​ គឺការដាក់ពង្រាយសេវាអ៊ីនធឺណិត និងទំនាក់ទំនងទៅកាន់តំបន់ជន​បទដាច់ស្រយាល ព្រមទាំងទប់ស្កាត់ការប្រើប្រាស់សេវាអ៊ីនធើណិត និងទំនាក់​ទំនង ក្នុងផ្លូវខុស (Misuse)។

សម្តេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចពិភាក្សាលម្អិត​ជា​មួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដើម្បីពិនិត្យលទ្ធភាពជាក់​ស្តែង​ក្នុងការចាប់យកឱកាសវិនិយោគនៅកម្ពុជា៕