FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន Shanghai Construction របស់ចិន មានបំណងពង្រីកការ​វិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀតនៅកម្ពុជា

18-07-2026 09:29

(ភ្នំពេញ)៖ ក្រុមហ៊ុន Shanghai Construction Group ដែលជាក្រុម​ហ៊ុន​សាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយរបស់ចិន បានបង្ហាញបំណងពង្រីកការវិ​និ​យោគលើហេដ្ឋារចនាសម្ព័ន្ធថែមទៀតនៅកម្ពុជា។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅ​ចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាត​ឱ្យលោក Ye Weidong ប្រធានក្រុមហ៊ុន Shanghai Construction Group Co., Ltd. (SCG) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សា​ការងារ។

ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន SCG បានជម្រាប​សម្តេចមហាបវរ​ធិបតី​អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅប្រទេសចិន និង​នៅតាម​បណ្តា​ប្រទេសនានាក្នុងពិភពលោក ព្រមទាំង​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា។ លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនបានបោះទុនវិនិ​យោគ​នៅក្នុងកម្ពុជា ចាប់តាំងពីឆ្នាំ២០០៤ ដោយក្រុម​ហ៊ុន បានចូលរួម​អនុ​វត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដូចជា៖ ការកសាង​ផ្លូវថ្នល់, ទំនប់វារីអគ្គិសនី, ស្ពានធំៗ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាដើម។

បច្ចុប្បន្ន ក្រុមហ៊ុនក៏កំពុងប្រតិបត្តិការលើគម្រោងនៃការកសាងផ្លូវជាតិចំនួន ២ ខ្សែបន្ថែមទៀត នៅកម្ពុជា។ លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញ​ពីបំណង​ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនលើការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជា​បន្ថែមទៀត។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែល​បានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ សម្តេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធ គឺជាវិស័យអាទិ​ភាព​ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ ដោយ​បាននិងកំពុងខិតខំក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន​ ជាបន្ត​បន្ទាប់។

សម្តេចមហាបវរធិបតី ក៏បានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាល​ដល់ប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការអនុវត្តគម្រោងនានារបស់ក្រុមហ៊ុន​នៅ​កម្ពុជា។ សម្តេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនយក​ចិត្តទុកដាក់​ក្នុងការចូលរួមចំណែកលើការបណ្តុះបណ្តាលធនធានមនុស្សលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាជំនាញវិស្វកម្ម​ ដល់ពលរដ្ឋកម្ពុជា។

សម្តេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហការ​ ឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញភាពជោគជ័យរបស់ក្រុមហ៊ុនថែមទៀត៕