FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន ZTE របស់ចិន មានផែនការពង្រីកការវិនិយោគ​លើវិស័យបច្ចេកវិទ្យាគមនាគមន៍នៅកម្ពុជា

18-07-2026 09:22

(ភ្នំពេញ)៖ ក្រុមហ៊ុន ZTE Corporation ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា​ទូរ​គម​នាគមន៍ឈានមុខគេមួយរបស់ប្រទេសចិន មានផែនការពង្រីកការវិនិ​យោគ​លើវិស័យបច្ចេកវិទ្យាគមនាគមន៍នៅកម្ពុជា។

ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក Xiao Ming តំណាងក្រុមហ៊ុន ZTE Corporation ចូលជួបសម្ដែង​ការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ តំណាងក្រុមហ៊ុន ZTE Corporation បានជម្រាប​សម្ដេច​មហា​បវរ​ធិបតី អំពីដំណើរការប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបាន​បញ្ជាក់ថា ក្រុមហ៊ុនផ្តោតអាជីវកម្មលើការផ្គត់ផ្គង់សម្ភារៈបរិក្ខារទូរគមនាគមន៍ និងផ្តល់ដំណោះស្រាយបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា(ICT)។ បច្ចុប្បន្ន ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្តាប្រទេសជាង១៦០ ជុំវិញពិភពលោក និងជាក្រុមហ៊ុនលំដាប់ថ្នាក់ទី២ លើសកលលោក ក្នុងការ​ផ្គត់​ផ្គង់ប្រព័ន្ធបច្ចេកវិទ្យា 5G។

តំណាងក្រុមហ៊ុន ZTE បានបញ្ជាក់ថា ក្រុមហ៊ុន បានបោះទុនវិនិយោគនៅ​ក្នុង​ទីផ្សារកម្ពុជាអស់រយៈពេលជាង ២ទសវត្សរ៍មកហើយ។ តាមរយៈជោគ​ជ័យ​នៃការ​វិនិយោគនេះ ក្រុមហ៊ុនមានបំណងពង្រីកទុនវិនិយោគ​​បន្ថែម​ទៀត​នៅក្នុងប្រទេសកម្ពុជា ក្នុងនាមជាសហគ្រាសផ្គត់ផ្គង់បណ្តាញទូរគមនាគមន៍ និងផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ICT។

ក្រុមហ៊ុនក៏មានផែន​ការពង្រីកការ​វិនិយោគលើម៉ូដែលមូលដ្ឋានបញ្ញា​សិប្ប​និម្មិត​អធិបតេយ្យរបស់កម្ពុជា (Cambodia Sovereign AI Foundation Model) និងហេដ្ឋារចនា​សម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតជាតិ (National AI Infrastru​cture and Ecosystem) នៅកម្ពុជា។ កន្លងមក ក្រុមហ៊ុនក៏បានចូល​រួមចំណែកយ៉ាងសកម្មក្នុងការតភ្ជាប់បណ្តាញ​ទូរគម​នា​គមន៍នៅតាមជនបទ, ការដាក់ពង្រាយបណ្តាញខ្សែកាបអុបទិក និងការផ្ដល់​សេវាអ៊ីនធឺណិតល្បឿនលឿនតាមខ្សែ និងចល័ត នៅក្នុងប្រទេសកម្ពុជា។

សម្ដេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទូរគមនាគមន៍នៅកម្ពុជា។ សម្ដេចមហាបវរធិបតី បានស្វាគមន៍ចំពោះផែនការរបស់ក្រុម​ហ៊ុន​ក្នុង​ការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យបច្ចេកវិទ្យា គឺជាវិស័យដ៏មានសារៈសំខាន់មួយ ដែលរាជរដ្ឋាភិបាលតែងតែ​យកចិត្តទុក​ដាក់​ខ្ពស់ក្នុងការជំរុញការអភិវឌ្ឍ ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល និងការរីកចម្រើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចមហាបវរធិបតី បាន​បន្ថែម​ថា រាជរដ្ឋាភិបាលក៏បាននិងកំពុងជំរុញលើកទឹកចិត្តលើការ​កសាង​ធន​ធានមនុស្សជំនាញ ICT ដែលការបណ្ដុះបណ្ដាលនេះមិនត្រឹមតែផ្តោតលើរ​បៀប​ប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការអភិវឌ្ឍ, ការច្នៃប្រឌិត និង​ នវានុវត្តន៍ផ្នែកប្រព័ន្ធបច្ចេកវិទ្យា៕