សមាគមសហគ្រិនស្រ្តីកម្ពុជា ប្រកាសបើកទទួលចុះឈ្មោះការប្រកួតពានរង្វាន់ «សហគ្រិនស្រ្តីឆ្នើមប្រចាំឆ្នាំ២០២៦» ក្រោមប្រធានបទ «ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព»
18-07-2026 09:10
(ភ្នំពេញ)៖ សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសរៀបចំពិធីសម្ពោធការប្រកួតពានរង្វាន់ «សហគ្រិនស្រ្តីឆ្នើមប្រចាំឆ្នាំ២០២៦» ជាផ្លូវការ ក្រោមប្រធានបទយ៉ាងមានអត្ថន័យគឺ «ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព»។
កម្មវិធីពានរង្វាន់សហគ្រិនស្រ្តីឆ្នើមនេះ បានធ្វើដំណើរមកដល់ឆ្នាំទី៣ ហើយ។ គោលបំណងចម្បងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីលើកកម្ពស់សមត្ថភាព និងបង្កើតភាពអង់អាចក្លាហានជូនដល់សហគ្រិនស្រ្តីនៅក្នុងវិស័យធុរកិច្ច ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបេសកកម្មស្នូលរបស់សមាគម។
ផ្អែកលើទស្សនវិស័យរបស់ CWEA ការជំរុញនិងលើកទឹកចិត្តឱ្យមានការកើនឡើងនៃចំនួនសហគ្រិនស្រ្តីដែលជោគជ័យ នឹងរួមចំណែកយ៉ាងវិជ្ជមានក្នុងការជួយពង្រឹងសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល ព្រោះស្រ្តីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយសហគ្រិនស្រ្តីឆ្នើមទាំងនោះនឹងក្លាយជាគំរូដ៏ល្អសម្រាប់ស្ត្រីដទៃទៀតផងដែរ។
ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីនេះ បេក្ខនារីទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌតម្រូវមួយចំនួនដូចខាងក្រោម៖
*ត្រូវតែជាសហគ្រិនស្រ្តី
*ជាម្ចាស់អាជីវកម្មផ្ទាល់ ឬមានភាគហ៊ុនចាប់ពី ៣០% ឡើងទៅ
*អាជីវកម្មត្រូវមានការចុះបញ្ជីការត្រឹមត្រូវស្របច្បាប់
*អាជីវកម្មត្រូវមានអាយុកាលដំណើរការយ៉ាងតិច ២ឆ្នាំ។
សម្រាប់ឆ្នាំ២០២៦នេះ ពានរង្វាន់ត្រូវបានបែងចែកចេញជា ៨ប្រភេទផ្សេងៗគ្នា ទៅតាមជំនាញអាជីវកម្ម ដើម្បីផ្តល់ឱកាសកាន់តែទូលំទូលាយដល់បេក្ខនារី៖
១. ពានរង្វាន់សហគ្រិននាំមុខផ្នែកឌីជីថល
២. ពានរង្វាន់អ្នកដឹកនាំអាជីវកម្មបៃតងប្រកបដោយចីរភាព
៣. ពានរង្វាន់សហគ្រិនស្រ្តីវ័យក្មេង (អាយុក្រោម ៣៥ឆ្នាំ)
៤. ពានរង្វាន់ឧត្តមភាពនវានុវត្តន៍
៥. ពានរង្វាន់អ្នកនាំចេញ និងពង្រីកទីផ្សារអន្តរជាតិ
៦. ពានរង្វាន់សហគ្រិនមានឥទ្ធិពលនៅតំបន់ជនបទ
៧. ពានរង្វាន់សហគ្រិនឧស្សាហកម្មច្នៃប្រឌិត
៨. ពានរង្វាន់សហគ្រាសមានចក្ខុវិស័យបែកបម្រែប្រចាំឆ្នាំ។
សមាគមសហគ្រិនស្រ្តីកម្ពុជា ក៏បានអំពាវនាវនិងលើកទឹកចិត្តដល់សមាជិកាទាំងអស់ ឱ្យរួសរាន់ចុះឈ្មោះចូលរួមប្រកួតប្រជែងទៅតាមជំនាញអាជីវកម្មរៀងៗខ្លួន ដើម្បីមានឱកាសទទួលបាននូវដំណើរកម្សាន្ត និងការលើកទឹកចិត្តផ្សេងៗ។ កម្មវិធីចាប់ផ្តើមទទួលពាក្យពីថ្ងៃប្រកាសនេះតទៅ រហូតដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ តាមរយៈតំណភ្ជាប់ផ្លូវការ៖ https://forms.gle/RC391amHwLvLbiSj9។
ទន្ទឹមនឹងនេះ សមាគមក៏បានសម្តែងការរំពឹងទុកយ៉ាងមុតមាំ ចំពោះការចូលរួមសហការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីសំណាក់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងសមាជិកទាំងអស់ ដើម្បីកៀរគរបេក្ខនារីឱ្យបានច្រើនរូបជាអតិបរមា ព្រមទាំងប្រកាសស្វែងរកដៃគូឧបត្ថម្ភគាំទ្របន្ថែម សម្រាប់កម្មវិធីលំដាប់ជាតិដ៏មានសារៈសំខាន់មួយនេះផងដែរ៕

























