អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យយុវវ័យបន្តមរតកនៃការគិតគូរហ្មត់ចត់ពីដូនតា និងរៀមច្បង មុននឹងសម្រេចចិត្តសរសេរ ឬចែករំលែកព័ត៌មាន
18-07-2026 09:06
(បាត់ដំបង)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំយ៉ាងទទូចដល់យុវជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងសម្រេចចិត្តចែកចាយព័ត៌មាន។
នៅក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ បានលើកឡើងថា៖ «រាល់ការសម្រេចចិត្តនិពន្ធ សរសេរ ឬធ្វើអ្វីមួយ ដូនតានិងរៀមច្បងរបស់យើងតែងតែមានការគិតគូរយ៉ាងល្អិតល្អន់បំផុត ដូចនេះ យុវជនជំនាន់ក្រោយគប្បីបន្តវប្បធម៌នៃការគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយនេះ មុននឹងសរសេរ ឬចែករំលែកព័ត៌មានលើបណ្តាញសង្គម»។ ការជំរុញនេះត្រូវបានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តបាត់ដំបង នៅវិទ្យាល័យនេត យ៉ង់ ក្រុងបាត់ដំបង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ទេព ហន អភិបាលរងខេត្តបាត់ដំបង តំណាងលោកអភិបាលខេត្ត, តំណាងមន្ទីរអប់រំ យុវជន និងកីឡា, ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្ត រួមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង ១,០០០នាក់។
ក្នុងជំនួបជាមួយសិស្សានុសិស្សវិទ្យាល័យ នេត យ៉ង់, លោក ទេព អស្នារិទ្ធ បានរំលឹកដល់យុវជនឱ្យបន្តមរតកនៃការគិតគូរវែងឆ្ងាយពីដូនតានិងរៀមច្បង មុននឹងបញ្ចេញមតិ ឬចែករំលែកព័ត៌មានលើបណ្តាញសង្គម។ ឯកឧត្តមបានសង្កត់ធ្ងន់ថា គំរូដ៏ល្អរបស់ឥស្សរជន និងកវីនិពន្ធល្បីៗ គឺរាល់ការសរសេរនិងការនិយាយ តែងឆ្លុះបញ្ចាំងពីការពិត គុណធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់សង្គមជាតិ ដូច្នេះយុវជនគប្បីយកចិត្តទុកដាក់ និងអនុវត្តតាមវប្បធម៌ពិចារណាគ្រប់ជ្រុងជ្រោយនេះ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «មុននឹងកវីនិពន្ធជាន់ដើម ឬបុព្វបុរសរបស់យើងសម្រេចចិត្តដាក់ប៊ិចចុះសរសេរពាក្យពេចន៍នីមួយៗ ទៅក្នុងស្នាដៃអក្សរសិល្ប៍ អក្សរសាស្ត្រ ឬប្រឡោមលោក គឺសុទ្ធតែបានឆ្លងកាត់ការត្រិះរិះពិចារណាយ៉ាងម៉ត់ចត់ និងល្អិតល្អន់បំផុត។ ពួកគាត់បានចំណាយពេលស្រាវជ្រាវឯកសារយ៉ាងច្រើន ចំណាយពេលរាប់ខែរាប់ឆ្នាំ ដើម្បីសម្រិតសម្រាំងពាក្យពេចន៍ឱ្យមានតម្លៃបំផុត សម្រាប់បន្សល់ទុកជាមរតកដល់យុវជនជំនាន់ក្រោយ។ នេះស្តែងឱ្យឃើញថា យើងមានវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់ពីដូនតានិងរៀមច្បង ដែលបានបន្សល់ទុកនូវមរតកនៃការគិតគូរ និងពិចារណាគ្រប់ជ្រុងជ្រោយ មុននឹងយើងសរសេរ ឬនិយាយអ្វីមួយ»។
ក្នុងន័យនេះ អ្នកនាំពាក្យបានដាស់តឿនសិស្សានុសិស្ស ឱ្យបង្កើនការពិចារណា និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តចែករំលែកព័ត៌មានដែលគ្មានប្រភពប្រាកដប្រជា។ ការធ្វើបែបនេះ គឺជាការបន្តវប្បធម៌គិតគូរហ្មត់ចត់ពីដូនតានិងរៀមច្បង ក្នុងការសរសេរនិងនិយាយ ព្រមទាំងរួមចំណែកបង្កើតគំរូដ៏ល្អក្នុងការផ្សព្វផ្សាយតែព័ត៌មានពិត ដែលជាកាតាលីករជួយដល់ការអភិវឌ្ឍសង្គមជាតិ។ ផ្ទុយទៅវិញ ការចែករំលែកព័ត៌មានដោយខ្វះការត្រិះរិះពិចារណាគ្រប់ជ្រុងជ្រោយ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងសណ្តាប់ធ្នាប់សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានទៀតផង។
គួររំលឹកថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» របស់ក្រសួងព័ត៌មាន បានដើរតួនាទីជាខែលសន្តិសុខព័ត៌មានដ៏រឹងមាំក្នុងសង្គមឌីជីថល។ ការណ៍ដែលអ្នកប្រើប្រាស់បណ្តាញសង្គម ផ្លាស់ប្តូរឥរិយាបថពីអ្នកទទួលព័ត៌មានដោយអកម្ម មកជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏សកម្ម គឺជាកត្តាគន្លឹះក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ការផ្សាយពាក្យចចាមអារ៉ាម ការប្រឌិតកាឡៃ និងការបំភ្លៃការពិត មិនឱ្យរីករាលដាលនៅក្នុងសង្គម៕



















